តើដឹងឬទេថា មុននឹងយើងមានក្រដាសអនាម័យប្រើក្នុងបន្ទប់ទឹក បន្ទាប់ពីបន្ទោរបង់រួច យើងយកស្លឹកឈើ ស្នូលពោត និងក្រដាសកាសែតមកប្រើប្រាស់ ។ រហូតមកដល់ឆ្នាំ១៨៧៩ សហរដ្ឋអាមេរិកបានបង្កើតក្រដាសអនាម័យ Scott និងធ្វើឱ្យមនុស្សម្នាងាកមកប្រើក្រដាសអនាម័យវិញ ។
Scott មិនមែនជាអ្នកផលិតក្រដាសអនាម័យដំបូងក្នុងពិភពលោកទេ ប៉ុន្តែ Scott បានក្លាយជាក្រដាសអនាម័យដំបូងដែលគេទទួលស្គាល់ និងទិញប្រើប្រាស់ក្នុងបន្ទប់ទឹក ។ ការចាប់ផ្តើមប្រើក្រដាសអនាម័យដំបូង គឺក្នុងសម័យបុរាណរបស់ចិន ប៉ុន្តែសម័យនោះ គេផលិតក្រដាសអនាម័យឡើងសម្រាប់ព្រះរាជដំណាក់ មិនមែនសម្រាប់លក់ឱ្យមនុស្សទូទៅទេ ។
ចំណែកនៅអាមេរិក Joseph Gayetti បានផលិតក្រដាសអនាម័យសម្រាប់ប្រើ និងដាក់លក់នៅឆ្នាំ១៨៥៧ ប៉ុន្តែក៏ទទួលបរាជ័យ ព្រោះមនុស្សសម័យនោះមិនចាប់អារម្មណ៍ទិញវាមកប្រើ ហើយក្រដាសអនាម័យដែល Joseph Gayetti ផលិតមកត្រូវបានគេប្រើក្នុងមន្ទីរពេទ្យច្រើនជាង ។
រហូតដល់ឆ្នាំ១៨៧៩ Irvin និង Clarence ពីរនាក់បងប្អូនត្រកូល Scott បានមើលឃើញឱកាសប្រកបអាជីវកម្មថា តទៅមុខ គ្រប់លំនៅឋាន និងអគារទាំងអស់មិនអាចខ្វះបន្ទប់ទឹកបានទេ ហេតុនេះ អ្នកទាំងពីរបានបើកក្រុមហ៊ុន Scott Paper Company ផលិតក្រដាសអនាម័យ និងដាក់លក់ឱ្យមនុស្សទូទៅសម្រាប់ប្រើក្នុងបន្ទប់ទឹក ។ ក្រដាសអនាម័យ Scott បានលក់ដាច់ជាខ្លាំង ព្រោះគ្រប់លំនៅឋានប្រើប្រាស់វាទាំងអស់ ។ ការប្រើប្រាស់បន្ទប់ទឹកបែប flush toilet កាន់តែធ្វើឱ្យតម្រូវការក្រដាសអនាម័យកើនឡើង និងអាចបង្កើតប្រាក់ចំណូលដល់ក្រុមហ៊ុនជាបន្តបន្ទាប់ ។
បន្ទាប់មក ដោយទទួលបានជោគជ័យ Scott បានងាកមកលក់ក្រដាសអនាម័យសម្រាប់ជូតដៃ ។ គំនិតនេះបានពីគ្រូថ្នាក់មត្តេយ្យដែលគាត់មិនចង់ឱ្យក្មេងប្រើក្រណាត់ជូតដៃរួមគ្នា ដែលធ្វើឱ្យបច្ចុប្បន្ន ក្រដាសអនាម័យប្រើក្នុងបន្ទប់ទឹក និងក្រដាសជូតដៃ Scott មានគេស្គាល់ច្រើន ។ ក្រុមហ៊ុនបានផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមទស្សនាវដ្តីដើម្បីបង្កើនការលក់ ។.jpg)
នៅឆ្នាំ១៩៥៥ Scott អាចគ្រប់គ្រងចំណែកទីផ្សារក្រដាសអនាម័យនៅអាមេរិករហូតដល់៣៨% ។ ទោះយ៉ាងណា ក៏មានគូប្រជែងផងដែរដូចជា P&G ដែលផលិតសាប៊ូពីមុន ក៏ងាកមកលក់ក្រដាសអនាម័យម៉ាក Charmin ហើយមាន Kimberly-Clark ក៏ផលិតក្រដាសអនាម័យម៉ាក Kleenex ។ វាធ្វើឱ្យ Scott មានគូប្រជែងកាន់តែច្រើនក្នុងទីផ្សារ ។
ទោះយ៉ាងណា ម៉ាក Scott មិនបានបាត់ទៅណាទេ បច្ចុប្បន្ន នៅតែបន្តប្រតិបត្តិការក្រោមក្រុមហ៊ុនមេ Kimberly-Clark ។ យើងឃើញថា Scott បានកែលម្អផលិតផលគ្រប់ពេលវេលា មិនថាការចេញផលិតផលថ្មីៗ ឬទាក់ទាញអតិថិជនឱ្យកាន់តែច្រើន ។ ដូចនេះ យើងឃើញថា ឱកាស និងគំនិតថ្មីៗស្ថិតនៅក្បែរខ្លួនយើងជានិច្ច ៕
ប្រភព ៖ Longtunman










