ប្រទេសលោកខាងលិចបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះ អង្គភាព និងបុគ្គលដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ មានទាំងគណៈកម្មការបោះឆ្នោត មន្ត្រីថាមពល និងសមាជិករដ្ឋាភិបាលយោធា ។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសកាលពីថ្ងៃទី៣១ ខែមករា ពីការបង្កើនទណ្ឌកម្មប្រឆាំងនឹងបុគ្គល៦រូប និងអង្គភាពចំនួន៣ របស់មីយ៉ាន់ម៉ា រួមទាំងគណៈកម្មការបោះឆ្នោត ក្រុមហ៊ុនរុករករ៉ែ នាយកប្រតិបត្តិក្រសួងថាមពល មន្ត្រី និងអតីតមន្ត្រីកងទ័ព ដោយអ្នកទាំងអស់នេះមិនអាចប្រើប្រាស់ប្រាក់ និងធនធានក្រោមការគ្រប់គ្រងរបស់អាមេរិកបានទេ ។ អ្នកនាំពាក្យក្រសួងបញ្ជាក់ថា លើកនេះជាលើកដំបូងដែលអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនមីយ៉ាន់ម៉ា Oil and Gas Enterprise (MOGE) ជាក្រុមហ៊ុនថាមពលរបស់រដ្ឋ និងជាកន្លែងបង្កើតប្រាក់ចំណូលធំបំផុតតែមួយរបស់រដ្ឋាភិបាលយោធា ដោយនាយកគ្រប់គ្រង និងនាយករងត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅ ។
លើសពីនេះ ប្រទេសកាណាដាក៏បានដាក់ទណ្ឌកម្មបុគ្គល៦រូប និងហាមនាំចេញ ចែកចាយ ឬផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសយានដ្ឋានមីយ៉ាន់ម៉ា ។ ចំណែកប្រទេសអូស្ត្រាលីបានដាក់ទណ្ឌកម្មសមាជិកក្នុងរដ្ឋាភិបាលយោធា និងក្រុមហ៊ុនគ្រប់គ្រងដោយកងទ័ព ហើយប្រទេសអង់គ្លេសបានដាក់ទណ្ឌកម្មក្រុមហ៊ុនចំនួន២ និងបុគ្គល២រូប ដែលមានចំណែកផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសយានដ្ឋានកងទ័ពអាកាសប្រើក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែក ។
ការប្រកាសដាក់ទណ្ឌកម្មរបស់ប្រទេសទាំង៤នេះកើតឡើងក្នុងឱកាសគម្រប់ខួប២ឆ្នាំ ដែលកងទ័ពមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនាំឱ្យមានការធ្វើបាតុកម្ម និងការបង្ក្រាបយ៉ាងបង្ហូរឈាម ។
គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែកុម្ភៈ ពលរដ្ឋមីយ៉ាន់ម៉ារស់នៅក្រៅប្រទេសបានជួបជុំគ្នាធ្វើបាតុកម្មក្នុងឱកាសគម្រប់ខួប២ឆ្នាំនៃរដ្ឋប្រហារ នៅផ្នែកខាងក្រៅនៃស្ថានទូតមីយ៉ាន់ម៉ា ក្រុងបាងកក ប្រទេសថៃ, ក្រុងតូក្យូ ប្រទេសជប៉ុន និងក្រុងម៉ានីល ប្រទេសហ្វីលីពីន ៕
ប្រភព ៖ NationWorldNews










