ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៣០ ខែមករា កន្លងមក ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ប្រទេសជប៉ុនបង្ហាញថា ចំនួនពលរដ្ឋដែលមកធ្វើការនៅទីក្រុងតូក្យូ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ កន្លងមក ហើយវាជាការកើនឡើងលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ស្ថិតិការផ្លាស់ប្តូរទីលំនៅដែលចេញផ្សាយដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងបញ្ជាក់ថា ចំនួនពលរដ្ឋជប៉ុនដែលមករស់នៅទីក្រុងតូក្យូនៅឆ្នាំ២០២២ ស្មើ៣៨.០២៣នាក់ បានកើនឡើងយ៉ាងឆាប់រហ័សពីតួលេខឆ្នាំ២០២១ ស្មើតែ៥.៤៣៣នាក់ប៉ុណ្ណោះ ខណៈតួលេខក្នុងឆ្នាំ២០២១ ជាកម្រិតទាបបំផុតតាំងពីឆ្នាំ២០១៤ មក។
គួរបញ្ជាក់ថា ចំនួនពលរដ្ឋជប៉ុនដែលផ្លាស់មករស់នៅទីក្រុងតូក្យូនៅឆ្នាំ២០២២ ស្មើ៤៣៩.៧៨៧នាក់ កើនឡើង១៩.៦២០នាក់ពីឆ្នាំ២០២១ ខណៈចំនួនអ្នកផ្លាស់ចេញពីទីក្រុងតូក្យូស្មើ៤០១.៧៦៤នាក់ ថយចុះ១២.៩៧០នាក់ ។ ដូចនេះ ចំនួនអ្នកមកកាន់ទីក្រុងតូក្យូ គឺខ្ពស់ជាងចំនួនអ្នកផ្លាស់ចេញ ប្រមាណពី៧ម៉ឺន ទៅ៨ម៉ឺននាក់ក្នុង១ឆ្នាំ រវាងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ មុនពេលជំងឺកូវីដរាតត្បាត ។ ទោះយ៉ាងណា ចំនួនពលរដ្ឋជប៉ុនដែលរស់នៅក្រៅទីក្រុងតូក្យូក៏បានកើនឡើងខ្ពស់ផងដែរ ដោយសារពួកគេចង់គេចពីជំងឺរាតត្បាត៕
ប្រភព ៖ The Better










