មជ្ឈមណ្ឌលបញ្ជាការ United Nations បានឱ្យដឹងថា ទាំងប្រទេសកូរ៉េខាងជើង និងខាងត្បូង បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា ខណៈពួកគេបានយកដ្រូនហោះចូលដែនអាកាសរបស់ភាគីម្ខាងទៀតកាលពីចុងឆ្នាំ២០២២ ។

ទីស្នាក់ការអង្គការសហប្រជាជាតិបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែមករា ថា ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្នុងបរិវេណជាយដែនប្រទេសទាំងពីរ ខណៈប្រទេសទាំងពីរបានបញ្ជូនដ្រូនរំលោភលើដែនអាកាសរបស់ភាគីម្ខាងទៀតកាលពីខែធ្នូ ឆ្នាំ២០២២ ។ ប៉ុន្តែករណីកូរ៉េខាងត្បូងបាញ់ដ្រូនរបស់កូរ៉េខាងជើងធ្លាក់ក្នុងដែនអាកាសខ្លួននោះ មិនចាត់ទុកថាប្រឆាំងនឹងកិច្ចព្រមព្រៀងទេ ។

ក្នុងសេចក្តីថ្លែងការណ៍របស់ទីស្នាក់ការអង្គការសហប្រជាជាតិបញ្ជាក់ថា ការប្រតិបត្តិតាម និងប្រកាន់ភ្ជាប់នូវលក្ខខណ្ឌកិច្ចព្រមព្រៀងនេះ គឺជារឿងចាំបាច់ ដើម្បីទប់ស្កាត់ហានិភ័យដែលកើតឡើងដោយសារការតាំងចិត្ត ឬមិនតាំងចិត្ត និងដើម្បីរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ ។

ទីស្នាក់ការអង្គការសហប្រជាជាតិមានចំណែករួមក្នុងការពិនិត្យមើលតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ ចាប់តាំងពីការឈប់បាញ់គ្នាក្នុងសង្គ្រាមកូរ៉េ នៅចន្លោះពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានពិនិត្យមើលដ្រូនរបស់កូរ៉េខាងជើងចំនួន៥គ្រឿង ដែលឆ្លងចូលមកដែនអាកាសកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែមករា ក្នុងនោះមានដ្រូន១គ្រឿងបានហោះទៅដល់ទីក្រុងសេអ៊ូល ។ កូរ៉េខាងត្បូងបានទប់ទល់ជាមួយកូរ៉េខាងជើងវិញ ដោយឱ្យកងទ័ពរបស់ខ្លួនបាញ់ទៅកាន់ដ្រូននោះ១០០គ្រាប់ ហើយបញ្ជូនយន្តហោះប្រដេញ ឧទ្ធម្ភាគចក្រ និងយន្តហោះចារកម្មហោះទៅកាន់កូរ៉េខាងជើងវិញដើម្បីថតរូបទាហានកូរ៉េខាងជើង ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា ការដែលកងទ័ពកូរ៉េខាងត្បូងប្រើប្រាស់ដ្រូនក្នុងតំបន់ក្បែរៗជាយដែនកូរ៉េខាងជើងនោះ គឺជាការការពារខ្លួនពីការឈ្លានពានរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ និងមិនបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់គ្នាទេ ។ រីឯកូរ៉េខាងជើងមិនទាន់បានបកស្រាយជុំវិញបញ្ហានេះទេ ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េទាំងពីរមានភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយពីកូរ៉េខាងជើងឈានមុខក្នុងការសាកល្បងកាំជ្រួចរបស់ខ្លួនជាបន្តបន្ទាប់ ហើយកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាកាន់តែច្រើនជាមួយសហរដ្ឋអាមេរិក ៕ ប្រភព ៖ TNN World