សហរដ្ឋអាមេរិក ៖ ការិយាល័យសុវត្ថិភាព និងសុខភាពការងារ The Occupational Safety and Health Administration (OSHA) ស្ថិតក្រោមក្រសួងការងាររបស់អាមេរិក បញ្ជាក់ថា Amazon មិនបានគិតពីសុវត្ថិភាព និងសុខភាពបុគ្គលិកផ្នែកឃ្លាំងទំនិញរបស់ខ្លួនទេ ។
ការិយាល័យសុវត្ថិភាព និងសុខភាពការងារបានបញ្ជាក់នៅក្នុងលិខិតដែលផ្ញើទៅកាន់ Amazon ថា បុគ្គលិកដែលបំពេញតួនាទីលើកដាក់ទំនិញក្នុងឃ្លាំងប្រចាំទីក្រុងឌេលថូណា រដ្ឋផ្លរីដា, ទីក្រុងវ៉ាគីហ្គិន រដ្ឋអ៊ីលីណយ និងទីក្រុងនីវវិនឌ័រ រដ្ឋញូវយ៉ក មានគ្រោះថ្នាក់ដោយសារឈឺចាប់ពេលការបំពេញការងារ ជាពិសេស បរិវេណខ្នង និងជំងឺផ្សេងទៀតដែលពាក់ព័ន្ធនឹងឆ្អឹងខ្នង ដោយសារតែការងារតម្រូវឱ្យពួកគេធ្វើឱ្យបានរហ័ស ជាជាងគិតពីសុវត្ថិភាព ។ មូលហេតុដែលបណ្តាលឱ្យបុគ្គលិកឈឺចុកចាប់នេះ គឺដោយសារការលើកដាក់ទំនិញធ្ងន់ និងរយៈពេលបំពេញការងារ ។
លោក Doug Park មន្ត្រីការិយាល័យសុវត្ថិភាព និងសុខភាពការងារ ចង្អុលបង្ហាញថា បើទោះជា Amazon តម្រូវឱ្យការបញ្ជូនទំនិញទៅកាន់អតិថិជនបានឆាប់រហ័ស និងមានប្រសិទ្ធភាពក្តី ប៉ុន្តែ Amazon បែរជាមិនចាប់អារម្មណ៍ពីសុវត្ថិភាព និងសុខភាពរបស់បុគ្គលិក ។ ការិយាល័យសុវត្ថិភាពបញ្ជាក់ថា បានស្នើឱ្យមានការផាកពិន័យ Amazon ក្នុងទឹកប្រាក់ជាង៦ម៉ឺនដុល្លារអាមេរិកសម្រាប់ការមិនគោរពសិទ្ធបុគ្គលិក ។
ចំណែកក្រុមហ៊ុន Amazon បានសម្តែងការមិនយល់ស្របនឹងការចោទប្រកាន់ខាងលើ ហើយនិយាយថា ក្រុមហ៊ុនព្រមរួមសហការ ប៉ុន្តែការចោទប្រកាន់នេះមិនមែនជាការពិតទេ ពាក់ព័ន្ធនឹងសុវត្ថិភាពបុគ្គលិកធ្វើការក្នុងឃ្លាំងទំនិញ ។ Amazon និយាយថា ក្រុមហ៊ុនបានកាត់បន្ថយអត្រារងរបួសរបស់បុគ្គលិកជិត១៥%ហើយ ក្នុងចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ លើសពីនេះ ក្រុមហ៊ុនបានប្រើវិធីសាស្ត្រកាត់បន្ថយហានិភ័យនានាផងដែរ និងដាស់តឿនឱ្យបុគ្គលិកឈប់សម្រាក និងផ្លាស់ប្តូរគ្នាធ្វើការ ។
ទោះយ៉ាងណា ពេលមុននេះ បុគ្គលិករបស់ Amazon ធ្លាប់បានផ្តល់បទសម្ភាសន៍ថា ក្រុមហ៊ុនប្រើឱ្យពួកគេធ្វើការធ្ងន់ ហើយតាមដានការងារគ្រប់ពេលផងដែរ ៕
ប្រភព ៖ beartai BRIEF










