សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែមករា ក្រសួងការបរទេសរបស់អាមេរិកបានបង្ហាញបញ្ជីឈ្មោះប្រទេសចំនួន១៩ ដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកទេសចរ ជាពិសេស អ្នកទេសចរអាមេរិក និងគួរតែចៀសវាងធ្វើដំណើរទៅកាន់ទីនោះ ។ ប្រទេសទាំងនេះភាគច្រើនស្ថិតនៅមជ្ឈិមបូព៌ា អាហ្វ្រិក អាហ្វ្រិកខាងត្បូង និងមួយចំនួនស្ថិតនៅភូមិភាគអាស៊ី ។
ប្រទេស១៩ មានគ្រោះថ្នាក់សម្រាប់អ្នកទេសចរ រួមមាន វ៉េណេស៊ុយអេឡា, អ៊ីរ៉ាក់, សូម៉ាលី, ហៃទី, អ៊ុយក្រែន, អាហ្គានីស្ថាន, យេម៉ែន, ស៊ីរី, ស៊ូដង់, ស៊ូដង់ខាងត្បូង, កូរ៉េខាងជើង, លីប៊ី, អ៊ីរ៉ង់, មីយ៉ាន់ម៉ា, រុស្ស៊ី, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, បួគីណាហ្វាសូ និងបេឡារុស ។
កត្តាដែលធ្វើឱ្យប្រទេសទាំងនេះមានគ្រោះថ្នាក់ដល់អ្នកទេសចរ ជាពិសេស អ្នកទេសចរមកពីអាមេរិក ដោយសារក្នុងប្រទេសទាំង១៩នេះ មានជម្លោះនយោបាយ មានការប្រមូលផ្តុំធ្វើបាតុកម្ម និងប្រើកម្លាំងកងទ័ពដើម្បីគ្រប់គ្រងប្រជាពលរដ្ឋ ភេរវកម្ម និងវិនាសកម្មកើតឡើងជាញឹកញាប់ ហើយប្រទេសមួយចំនួនទៀតកំពុងធ្វើសង្គ្រាមដូចជា អ៊ុយក្រែន និងយេម៉ែន ជាដើម ។
ក្រៅពីនេះ ប្រទេសខ្លះគ្រប់គ្រងដោយរបបផ្តាច់ការដូចជា កូរ៉េខាងជើង ។ អាមេរិកបញ្ជាក់ថា បើពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ទីនោះ គឺប្រថុយនឹងការចាប់ខ្លួនទុករយៈពេលយូរ ហើយរដ្ឋាភិបាលអាមេរិកមិនអាចជួយពលរដ្ឋខ្លួនភ្លាមៗបានទេ ព្រោះគ្មានទំនាក់ទំនងខាងទូតជាមួយគ្នា ។ ចំណែកប្រទេសរុស្ស៊ីវិញមានជម្លោះផ្ទាល់ជាមួយអាមេរិក ហេតុនេះ រដ្ឋាភិបាលអាមេរិកអាចជួយពលរដ្ឋខ្លួនដោយមានកំណត់ដូចគ្នា ។
កត្តាមួយទៀតធ្វើឱ្យប្រទេសទាំងនេះមានគ្រោះថ្នាក់សម្រាប់អ្នកទេសចរ គឺបញ្ហាឧក្រិដ្ឋកម្ម ជាពិសេស ករណីចាប់ខ្លួនអ្នកទេសចរដើម្បីជំរិតទារប្រាក់ ។ លើសពីនេះទៀត ប្រទេសទាំងនេះប្រើប្រាស់អគ្គិសនី ទឹកគ្មានអនាម័យ និងការទំនាក់ទំនងគ្នាគ្មានគុណភាព ៕ ប្រភព ៖ Mono News