ប្រទេសជប៉ុន ៖ ភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករាថា ក្រុមហ៊ុន Tokyo Electric Power Company (TEPCO) របស់ជប៉ុននឹងស្នើសុំការអនុម័តទៅកាន់រដ្ឋាភិបាល ដើម្បីដំឡើងថ្លៃអគ្គិសនីសម្រាប់លំនៅឋានប្រមាណជា៣០% ចាប់តាំងពីខែមិថុនាតទៅ ដើម្បីដោះស្រាយជាមួយតម្លៃថាមពលកើនឡើងខ្លាំង និងប្រាក់យ៉េនជប៉ុនកំពុងតែធ្លាក់ថ្លៃ ។
ការស្នើសុំដំឡើងថ្លៃអគ្គិសនីលើកនេះបង្ហាញឱ្យឃើញថា ដំណើរការអាជីវកម្មកាន់តែយ៉ាប់យឺនដោយសារតម្លៃប្រេងឥន្ធនៈហ្វូស៊ីលឡើងថ្លៃ ដូចជា ឧស្ម័នធម្មជាតិរាវ (LNG) និងធ្យូងថ្មក្តៅសម្រាប់ផលិតអគ្គិសនី ។ កាលពីមុននេះ ក្រុមហ៊ុនថាមពលធំៗចំនួន៥ ក៏បានស្នើសុំការអនុម័តពីរដ្ឋាភិបាលផងដែរ ដើម្បីដំឡើងថ្លៃអគ្គិសនីចន្លោះពី២៨% ទៅ៤៦% តាំងពីខែមេសា កន្លងមក ។ ក្រសួងឧស្សាហកម្មជប៉ុននឹងត្រួតពិនិត្យឱ្យបានលម្អិតលើវិធានការកាត់បន្ថយថ្លៃដើមរបស់ក្រុមហ៊ុន និងសម្រេចចិត្តអំពីការដំឡើងថ្លៃអគ្គិសនីពិតប្រាកដ ។
លោក តូម៉ូគី កូបាយ៉ាហ្គាវ៉ា (Tomoaki Kobayagawa) ប្រធានក្រុមហ៊ុន TEPCO ឱ្យដឹងថា ក្រុមហ៊ុននឹងប្រឈមជាមួយបញ្ហាការស្វែងរកអគ្គិសនីដែលមានស្ថេរភាព បើលោកបណ្តោយឱ្យស្ថានការណ៍ក្លាយជាបែបនេះបន្តទៀត ។ លោកថ្លែងថា ៖ «ក្រុមហ៊ុនមិនត្រូវការដាក់បន្ទុកលើអតិថិជនទេ ប៉ុន្តែយើងត្រូវតែសម្រេចចិត្តក្នុងស្ថានភាពលំបាកនេះ» ។
គួរបញ្ជាក់ថា វាគឺជាលើកដំបូងហើយដែលក្រុមហ៊ុនបានប្រកាសដំឡើងថ្លៃអគ្គិសនីចាប់តាំងពីឆ្នាំ២០១២មក បន្ទាប់ពីប្រទេសជប៉ុនជួបគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វុកុសិមៈ (Fukushima) នៅឆ្នាំ២០១១ ៕
ប្រភព ៖ TNN World