នៅក្នុងបរិស្ថាន តោគឺជាសត្វចតុបាទមួយប្រភេទរស់នៅក្នុងព្រៃ មានមាឌធំ ជើងបួន អង្គុយលើត្រគាកក្រោយ ឬឈរនៅលើជើងក្រោយ មានចង្កូមគួរឱ្យខ្លាច ហើយគេដឹងថាសត្វតោមានដំបូងនៅសម័យភ្លីអូសែន ប្រហែល ១.៨ លានឆ្នាំមុន ក្នុងទ្វីបអាហ្វ្រិក ប្រហាក់ប្រហែលនឹងការកើតឡើងនៃពូជមនុស្សដែរ។
បុព្វបុរសខ្មែរបានចាត់ទុករូបចម្លាក់សត្វតោ សត្វខ្លា សត្វដំរី ជាដើម គឺជាសត្វព្រៃដែលមានភាពកាចសាហាវ មានកម្លាំងខ្លាំងក្លា មាំមួន និងមានភាពអង់អាចក្លាហាន។ ពិសេសក្នុងទស្សនៈខ្មែរសត្វតោ ជានិមិត្តរូបនៃអំណាច ដែលជួយបណ្តេញឧបទ្រពចង្រៃ ជាសត្វតំណាងឱ្យនិមិត្តសញ្ញានៃឥទិ្ធពលមានមកពីធម្មជាតិ គួរឱ្យកោតខ្លាច លាយឡំជាមួយការគោរពផងដែរ។ យោងតាមឯកសារខ្លះបានបង្ហាញថា ចម្លាក់តោថ្មគេដឹងថា មានអាយុកាលដំណាលនឹងប្រាង្គប្រាសាទបុរាណ ព្រោះគេឃើញមានចម្លាក់តោថ្មមួយគូនៅមុខក្លោងទ្វានៃប្រាសាទ។
បើតាមការពន្យល់នៅក្នុង វចនានុក្រមខ្មែរបានឱ្យដឹងថា “តោ គឺសិង្ហ ឬសីហៈ” គេសំរាប់ដាក់ខាងមុខក្លោងទ្វាប្រាសាទ ដែលប្រជាជនយើងមានទម្លាប់ហៅថា សិង្ហតោ ក៏មាន។ ក្រៅពីនេះចម្លាក់តោថ្ម ដែលបន្តមកដល់បច្ចប្បន្ននេះគេឆ្លាក់ជាតោស៊ីម៉ងត៍ គេច្រើនយកទៅដាក់នៅកន្លែងបូជនីយដ្ឋានដូចជាចេតីយ៍ជាដើម។ គោលបំណងដែលជាទស្សនៈរបស់ដូនតាខ្មែរ គឺមិនត្រឹមតែទុកចម្លាក់តោ តាំងដើម្បីលម្អ ប្រាង្គប្រាសាទ ឬចេតីយ៍ប៉ុណ្ណោះទេ វាក៏ជានិមិត្តរូបនៃគំនិតថែរក្សាការពារកន្លែងដ៏សក្តិសិទ្ធិទៀតផង។ បានសេចក្តី ថាបើកន្លែងណាមានភាពពិសិដ្ឋ ទើបមានវត្តមានតោ។
តោថ្មការពារប្រាង្គប្រាសាទបុរាណខ្មែរ គឺជានិមិត្តរូបនៃ កងទ័ព្វជាតិ ការពារជាតិ និងទឹកដី ព្រមទាំងសំណង់វប្បធម៍ជាតិ ប្រកបដោយទឹកចិត្តអង់អាចក្លាហានមោះមុត ប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានទឹកដីលុះត្រាដណ្តើមបាន ជ័យជំនះជូនជាតិជាស្ថាពរ៕