ប្រទេសស្វីស ៖ កាលពីថ្ងៃទី១៨ ខែមករា កន្លងមក លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ឱ្យមេដឹកនាំអាជីវកម្មទាំងអស់ដោះស្រាយបញ្ហាពិភពលោកឡើងកំដៅ និងអនុវត្តតាមច្បាប់ដែលក្រុមអ្នកជំនាញបានព្រាងទុក ដើម្បីប្រកាសកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។
លោក Antonio Guterres បញ្ជាក់ថា ក្រុមហ៊ុនជាច្រើនចាប់ផ្តើមប្រកាសផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យជិតដល់កម្រិតសូន្យ ឬគ្មានឧស្ម័នផ្ទះកញ្ចក់បំភាយទៅកាន់បរិយាកាស ប៉ុន្តែគ្មានគោលដៅ និងលក្ខខណ្ឌច្បាស់លាស់ ។ ក្រុមហ៊ុនមួយចំនួនបានអះអាងថា ផលិតផលរបស់ខ្លួន គឺជាមិត្តជាមួយបរិស្ថាន ។ ដូច្នេះ សំណូមពរឱ្យក្រុមហ៊ុនអាជីវកម្មដែលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ជំរុញបញ្ហានេះដើម្បីសម្រេចតាមគោលដៅការបំភាយឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យគួរឱ្យជឿជាក់ ។
លោកបន្តថា ការប្រឆាំងនឹងបញ្ហាពិភពលោកក្តៅ គឺចាំបាច់ត្រូវអាស្រ័យលើការរួមសហការគ្នាសំខាន់រវាងសហរដ្ឋអាមេរិក និងចិន ក្នុងឋានៈជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ និងលេខ២ របស់ពិភពលោក ខណៈបច្ចុប្បន្ន ប្រទេសទាំងពីរនេះមានជម្លោះគ្នាជាច្រើនរឿង តាំងពីពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស ។
ចំណែកការត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ លោក Antonio Guterres បញ្ជាក់ថា ពិភពលោកបរាជ័យក្នុងការរៀនសូត្រពីការឆ្លងរាលដាលនៃជំងឺកូវីដ ហើយការត្រៀមខ្លួននៅឆ្ងាយសម្រាប់ការរាតត្បាតខ្លាំងដែលនឹងកើតឡើងម្តងទៀត ៕ ប្រភព ៖ TNN World