ប្រទេសអ៊ុយក្រែន ៖ មេដឹកនាំប្រទេសអ៊ុយក្រែនបានថ្លែងថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលធ្វើឱ្យមានមនុស្សស្លាប់១៤នាក់ និងធ្វើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនស្លាប់នោះ គឺជាប់ពាក់ព័ន្ធនឹងសង្គ្រាម ។
កាលពីថ្ងៃទី១៩ ខែមករា កន្លងមក លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បានថ្លែងអំពីករណីឧទ្ធម្ភាគចក្រធ្លាក់នៅក្នុងសាលារៀនមត្តេយ្យមួយកន្លែងនៅបរិវេណជាយក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យលោក Denis Monastersky រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាត់បង់ជីវិត។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បញ្ជាក់ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងដោយសារសង្គ្រាម ។ បើទោះបីជាប្រទេសអ៊ុយក្រែនមិនបញ្ជាក់ថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះក្តី ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន និយាយថា ៖ «វាមិនមែនចៃដន្យទេ ខណៈប្រទេសកើតសង្គ្រាម» ។ លោកក៏បានអំពាវនាវឱ្យប្រទេសលោកខាងលិចឆាប់បញ្ជូនអាវុធមកឱ្យអ៊ុយក្រែន មុននឹងរុស្ស៊ីបើកឆាកប្រយុទ្ធជាថ្មីទៀតមកលើអ៊ុយក្រែន ។
គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្របានកើតឡើងនៅជាយក្រុងគៀវ ដោយឧទ្ធម្ភាគចក្រនេះបានហោះទៅបុកអគារសាលារៀនមត្តេយ្យមួយកន្លែង ដែលបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត១៤នាក់ ក្នុងនោះក៏មានលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន Monastersky និងមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃផងដែរ ៕
ប្រភព ៖ Mono News