ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែមករា កន្លងមក លោក ផលភី សុវណ្ណឆាវី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងលោក អនុថិន ឆាន់វីរៈ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា ថៃជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលទាក់ទាញការវិនិយោគ មជ្ឈមណ្ឌលសុខភាព និងគមនាគមន៍ដឹកជញ្ជូនក្នុងតំបន់ ។
កិច្ចប្រជុំក្នុងប្រធានបទ «ភាពទាក់ទាញរបស់អាស៊ាន» លោក អនុថិន បាននិយាយអំពីចំណុចខ្លាំងរបស់អាស៊ាន និងថៃ ក្នុងផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ខណៈលោក អនុថិន បានដើរតួជាអ្នកជំរុញអាស៊ានទៅកាន់ពិភពលោក ។ កិច្ចប្រជុំនេះមានវិនិយោគិនបរទេសជាច្រើនចូលរួមប្រជុំដូចជា លោកស្រី Merit Janow ប្រធានក្រុមហ៊ុន MasterCard, លោក Luhut B Panchaitan រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ី និងលោកស្រី Teresita Cycoson អនុប្រធានក្រុមហ៊ុន SM Investment Corporation របស់ហ្វីលីពីនជាដើម ។
លោក ផលភី សុវណ្ណឆាវី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃ បានឆ្លើយតបសំណួរអំពីកត្តាលូតលាស់ជាបន្តបន្ទាប់របស់អាស៊ាន រហូតដល់សមត្ថភាពសម្របខ្លួនរបស់អាស៊ានចំពោះស្ថានការណ៍ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព បើទោះជាប្រឈមជាមួយបញ្ហាជម្លោះ និងមានជំងឺកូវីដរាតត្បាតក្តី ក៏អាស៊ានអាចដោះស្រាយបញ្ហាបានគួរឱ្យសរសើរ និងសហការរួមគ្នាយ៉ាងល្អ ។ លោកបន្តថា ផ្នែកសុខាភិបាល ប្រទេសថៃត្រូវបានជ្រើសរើសជាទីតាំងលេខាធិការដ្ឋាននៃមជ្ឈមណ្ឌលអាស៊ាន និងការដោះស្រាយបញ្ហាបន្ទាន់ រួមទាំងជំងឺរាតត្បាត ដែលចាត់ទុកថា ជាកិច្ចសហការរួមគ្នាដោះស្រាយបញ្ហាសុខាភិបាលក្នុងតំបន់អាស៊ាននាថ្ងៃអនាគត ។
ដោយឡែក ទាក់ទងនឹងសក្តានុពលនៃកំណើនសេដ្ឋកិច្ចអាស៊ាន លោក អនុថិន រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យតាមដានគម្រោង Land Bridge នៅប្រទេសថៃ ។ វានឹងជួយលើកកម្ពស់សក្តានុពលក្នុងតំបន់ ព្រោះអាស៊ានជាចំណុចកណ្តាលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់មហាសមុទ្រ Andaman ជាមួយឈូងសមុទ្រថៃ ដែលបង្កើតឱកាសឱ្យថៃ និងប្រទេសក្នុងតំបន់ផងដែរ ។
លោក អនុថិន បញ្ជាក់ថា ប្រទេសថៃកំពុងតែនាំមុខផ្នែកសុខាភិបាល ខណៈនិស្សិតបរទេសមកសិក្សាផ្នែកពេទ្យនៅថៃ ។ លើសពីនេះ ថៃជាទីកន្លែងសម្រាកលំហែរកាយ និងពិនិត្យសុខភាព ដោយថៃមានការព្យាបាលតាមវេជ្ជសាស្ត្រទំនើប ព្យាបាលបែបបុរាណ ព្រមទាំងការស្វែងរកផលិតផលសុខភាព និងឱសថធម្មជាតិផ្សេងៗ ៕
ប្រភព ៖ The Reporters