អន្តរជាតិ៖ ចំនួនម៉ូតូសរុបដែលបានលក់ក្នុងឆ្នាំ២០២២ នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ជាង៣លានគ្រឿង កើនឡើងជាង ១២០ភាគរយ បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress ។
យោងតាមរបាយការណ៍លក់របស់សមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាម (VAMM) ការលក់សរុបក្នុងឆ្នាំ២០២២ មានចំនួន ៣,០០៣,១៦០គ្រឿង កើនឡើង ១២០.៤៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ជាមធ្យម ម៉ូតូថ្មីចំនួន ៥គ្រឿងត្រូវបានលក់ជារៀងរាល់នាទីក្នុងឆ្នាំ២០២២។ តួលេខនេះបង្ហាញថាម៉ូតូនៅតែជាយានជំនិះលេចធ្លោនៅក្នុងប្រទេសវៀតណាម និងខ្ពស់ជាងទីផ្សាររថយន្តជិត៦ដង។
សម្រាប់ត្រីមាសនីមួយៗក្នុងឆ្នាំ២០២២ តែមួយត្រីមាសទី៣ មានអត្រាកំណើនខ្ពស់បំផុតជាមួយនឹង២០៧.៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ជាមួយនឹងការលក់ម៉ូតូថ្មីចំនួន ៧៦២,១៥៤ គ្រឿង។ បន្ទាប់បានមកដល់ត្រីមាសទី៤ ជាមួយនឹងការកើនឡើងជិត ១០៩.៩៨ភាគរយ ដែលឈានដល់៨៣១,៩៩៩ គ្រឿង។ ពីរត្រីមាសដែលនៅសល់បានកើនឡើងក្នុងអត្រាតែមួយខ្ទង់ ៧.៤៣ភាគរយ ក្នុងត្រីមាសទីមួយ និង ១.៧៩ភារយ ក្នុងត្រីមាសទីពីរ រៀងគ្នាជាមួយនឹងការលក់ចំនួន ៧៥៣.៥៧១ និង ៦៥៥.៤៣៣ គ្រឿង។
របាយការណ៍លក់របស់ VAMM មិនបង្ហាញព័ត៌មានលម្អិតរបស់សមាជិកនីមួយៗទេ លើកលែងតែក្រុមហ៊ុន Honda ប៉ុណ្ណោះ។ សមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាម (VAMM) មានសមាជិកចំនួន ៥ រួមមាន Honda, Yamaha, Piaggio, Suzuki និង SYM ។ លើសពីនេះ ទីផ្សារម៉ូតូក៏មានម៉ាកផ្សេងក្រៅពី VAMM ដូចជា Kymco, BMW Motorrad, Ducati, Triumph, Kawasaki, Royal Enfield, Harley-Davidson ជាដើម។
ការលក់សរុបគឺជាការលក់សរុបរបស់សមាជិក VAMM ទាំង៥នៅក្នុងទីផ្សារវៀតណាម មិនមែនផលិតកម្ម និងមិនរាប់បញ្ចូលបរិមាណនាំចេញឡើយ ៕










