ប្រទេសថៃ ៖ នៅរដូវត្រជាក់បែបនេះ បើសួររឿងទីកន្លែងទេសចរណ៍ណាមួយដែលភ្ញៀវទេសចរចង់ទៅកម្សាន្តខ្លាំងបំផុត ក្នុងចំណោមនោះ គឺរមណីយដ្ឋានភូមិរ៉ាក់ថៃ (ភូមិស្រឡាញ់ថៃ) ស្ថិតនៅខេត្តមេហុងសន ជាខេត្តជាយដែនភាគខាងជើងរបស់ថៃ ។
ភូមិនេះ មានពលរដ្ឋថៃជាប់ខ្សែស្រឡាយចិនរស់នៅយូរមកហើយ ហើយទីនេះបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិអស់រយៈពេលច្រើនឆ្នាំមកហើយ ។ ហេតុអ្វី អ្នកណាៗក៏ចង់មកកាន់ទីនេះ យើងនឹងនាំគ្រប់គ្នាទៅរកចម្លើយ ។
ភូមិរ៉ាក់ថៃ ស្ថិតនៅកណ្តាលជ្រលងភ្នំនៅស្រុកមឿងមេហុងសន ។ ចំណុចពិសេសរបស់ភូមិនេះ គឺមានបឹងដ៏ធំមួយនៅចំកណ្តាលភូមិ ។ នាពេលព្រឹក នឹងមានអ័ព្ទអណ្តែតពីលើផ្ទៃទឹក ដែលជាបរិយាកាសដ៏សែនរ៉ូមែនទិក និងជារូបភាពក្នុងក្តីសុបិនរបស់មនុស្សគ្រប់គ្នា ។
នៅក្នុងភូមិមានទាំងកន្លែងស្នាក់នៅ ហាងលក់ម្ហូបអាហារ និងហាងលក់សម្ភារៈជាច្រើនកន្លែង ។ ជនជាតិចិននៅទីនេះនិយាយថា បើយើងបានចូលទៅក្នុងភូមិនេះ គឺដូចយើងចូលទៅប្រទេសចិនអីចឹងដែរ ។ វាជាមន្តស្នេហ៍របស់ភូមិរ៉ាក់ថៃ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាចូលចិត្ត ។
អ្វីដែលហាមខកខានបើយើងបានមកទីនេះ គឺការជិះទូកឈើបុរាណទស្សនាទេសភាពផ្ទៃបឹង យើងនឹងឃើញបរិយាសនៅក្នុងភូមិពេញទៅដោយភ្នំស្រស់ស្អាតខ្លាំង ។ ទាំងអស់នេះជាការផ្តិតអារម្មណ៍របស់ភ្ញៀវទេសចរដែលបានមកស្រូបបរិយាកាសផ្ទាល់នៅទីនេះ មុននឹងអស់ខ្យល់ត្រជាក់ ៕


ប្រភព ៖ SanookNews










