ប្រទេសថៃ ៖ អ្នកនាង ថិផាណាន់ ស៊ិរិឆៈណាក់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលថៃលោក ប្រាយុទ្ធ ចាន់អូចា បានកំណត់ផែនការយុទ្ធសាស្ត្ររយៈពេល២០ឆ្នាំ (ឆ្នាំ២០១៨-ឆ្នាំ២០៣៧) ដោយផ្តល់ភាពសំខាន់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសថៃ ជាពិសេស ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក ។ លោក ប្រាយុទ្ធ បានជំរុញអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ផ្លូវដែកជាបន្តបន្ទាប់ ទាំងរថភ្លើងអាកាស រថភ្លើងផ្លូវដែកស្របគ្នា២ខ្សែទូទាំងប្រទេស រួមទាំងគម្រោងបណ្តាញផ្លូវរថភ្លើងល្បឿនលឿនសម្រាប់ដឹកជញ្ជូនពលរដ្ឋជាសាធារណៈនៅទីក្រុងបាងកក ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ គណៈរដ្ឋមន្ត្រីបានអនុម័តគម្រោងរថភ្លើងអាកាសខ្សែពណ៌លឿង (ចាប់ពីតំបន់ឡាតប្រាវទៅកាន់សាំរ៉ូង) ដោយប្រើប្រាស់ថវិកាប្រមាណ៤៨.១២៥លានបាត ។ បច្ចុប្បន្ន គម្រោងនេះសម្រេចបាន៩៨,០៩%ហើយ និងបានកំណត់បើកឱ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០២៣ ។
រថភ្លើងអាកាសលឿង គឺជាគម្រោងផ្លូវដែកតែមួយ (monorail) និងប្រើប្រាស់ថវិកាតិចជាងគម្រោងរថភ្លើងផ្លូវគូ ។
បើគម្រោងនេះរួចរាល់ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ឡាតប្រាវ រ៉ាមកាំផែង និងស្រ៊ីណាក់ខាក់រីន ដែលជាចំណុចជួបបញ្ហាស្ទះចរាចរណ៍ខ្លាំង ។ គម្រោងនេះមានចម្ងាយផ្លូវសរុប៣០,៤គីឡូម៉ែត្រ រួមមាន២៣ស្ថានីយ ដែលតភ្ជាប់ការធ្វើដំណើររវាងរថភ្លើងខ្សែខៀវនៅស្ថានីយរ៉ាចឆាដា ជាមួយប្រព័ន្ធដឹកជញ្ជូន៤ខ្សែទៀត ។
កន្លងមក លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជំរុញ និងតាមដានដំណើរការសាងសង់របស់គម្រោងរថភ្លើងអាកាសលឿងនេះរហូតមក ដើម្បីជាជម្រើសក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីក្រុងបាងកកទៅកាន់បរិម៉ុនថុន ។ រថភ្លើងអាកាសងាយស្រួលធ្វើដំណើរ ដោយវាជួយកាត់បន្ថយចរាចរណ៍ណែនខ្លាំង ប្រយ័ត្នពេលវេលា ងាយស្រួស ឆាប់រហ័ស សុវត្ថិភាព និងកាត់បន្ថយជាតិពុល ហើយវាជាការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការរីកលូតលាស់ទីក្រុង និងជាតំបន់សេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវរថភ្លើងផងដែរ ៕
ប្រភព ៖ SpringNews










