សហភាពអារ៉ាប់រួម ៖ កាលពីថ្ងៃទី១៥ ខែមករា លោកប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់សហភាពអារ៉ាប់រួម ដើម្បីពិភាក្សាគ្នាពីបញ្ហាថាមពលនុយក្លេអ៊ែរ និងបម្រែបម្រួលអាកាសធាតុ ដោយដំណើរទស្សនកិច្ចនេះមានរយៈពេល៤ថ្ងៃ ។
លោក ឈីក ម៉ូហាម៉េត ប្រធានាធិបតីសហភាពអារ៉ាប់រួម United Arab Emirates (UAE) បានទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol និងភរិយាយ៉ាងកក់ក្តៅ កាលពីថ្ងៃទី១៥ ខែមករា កន្លងមក នៅវិមានប្រធានាធិបតីក្នុងទីក្រុងអាបូតាប៊ី ។
គេរំពឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំនៅសហភាពអារ៉ាប់រួម ។ ក្រៅពីនេះ លោក Yoon នឹងជួបគ្នាជាមួយមន្ត្រីសហភាពអារ៉ាប់រួម ព្រមទាំងធ្វើដំណើរទៅទស្សនាគម្រោងអភិវឌ្ឍន៍នានានៅប្រទេសនេះផងដែរ ។
តាមសារព័ត៌មាន Wam របស់សហភាពអារ៉ាប់រួមរាយការណ៍ថា មេដឹកនាំកូរ៉េខាងត្បូងជាមួយសហភាពអារ៉ាប់រួមនឹងពិភាក្សាគ្នាជាច្រើនប្រធានបទដូចជា បញ្ហាថាមពលនុយក្លេអ៊ែរ បម្រែបម្រួលអាកាសធាតុ សុខភាព អវកាស កសិកម្មឆ្លាតវៃ និងវប្បធម៌ ។
តាមប្រព័ន្ធផ្សព្វផ្សាយយ៉ន់ហាប់រាយការណ៍ថា ការសហការគ្នាផ្នែកកងទ័ព និងស្ថិរភាពរវាងប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់រួមកាន់តែល្អប្រសើរឡើង រួមទាំងផ្នែកឧស្សាហកម្ម និងការលក់ដូរអាវុធរវាងប្រទេសទាំងពីរ ។ កាលពីឆ្នាំ២០២២ កូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ៣.៥០០លានដុល្លារអាមេរិក ដើម្បីលក់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើប M-SAM ទៅឱ្យសហភាពអារ៉ាប់រួម ។
ទោះយ៉ាងណា គម្រោងធំដែលកូរ៉េខាងត្បូងរំពឹងនោះ គឺការកសាងរោងចក្រថាមពលនុយក្លេអ៊ែរ Barakah ក្នុងតម្លៃ២ម៉ឺនលានដុល្លារអាមេរិកនៅសហភាពអារ៉ាប់រួម ។ វាជាគម្រោងថាមពុលនុយក្លេអ៊ែរដំបូងគេ ដែលកូរ៉េខាងត្បូងបានកសាងនៅបរទេស ៕
ប្រភព ៖ TNN World










