ខេត្តកែប៖ កាលពីពេលថ្មីៗនេះលោក ខេង យ័ន អភិបាលក្រុងកែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកែប ដើម្បីចុះអប់រំណែនាំ និងព្រមានដល់បងប្អូនអាជីវករនៅផ្សារក្ដាម អោយបញ្ឈប់រាល់សកម្មភាពរត់ ដើរហៅភ្ញៀវតាមផ្លូវ ព្រមទាំងបញ្ឈប់ការប្រើប្រាស់ជញ្ជីង ដែលគ្មានសញ្ញាស្ដង់ដាររបស់ក្រសួងឧស្សាហកម្ម តទៅទៀត ថ្លឹងជញ្ជីងមិនគ្រប់គីឡូជាដើម ។
ជាក់ស្ដែង លោក ខេង យ័ន បានចេញលិខិតជូនដំណឹងឱ្យដឹងថា កន្លងមកអាជ្ញាធរក្រុង បានធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករជាច្រើនលើករួចមក ហើយអំពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន សោភ័ណភាព សុជីវធម៌ ពិសេសការលក់ក្ដាម បង្គារ ត្រី ថ្លឹងជញ្ជីងមិនគ្រប់គីឡូ ជូនភ្ញៀវទេសចរណ៍ បណ្តាលឲ្យមានការរិះគន់ពីសំណាក់សាធារណៈជនជាច្រើន និងប៉ះពាល់កិត្តិនាមដល់ខេត្តកែបជាទីបំផុត។
ករណីនេះ បងប្អូនអាជីវករមួយចំនួនបានចូលរួមសហការអនុវត្តជាមួយអាជ្ញាធរបានល្អប្រសើរ ហើយមានបងប្អូនអាជីវករមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរនៅឡើយ
ដូច្នេះ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន សេចក្ដីថ្លៃថ្នូរ និងកិត្តិយសទីក្រុងទេចណ៍ដ៏ប្រណីត រដ្ឋបាលក្រុងកែប សូមធ្វើការណែនាំ ដូចខាងក្រោម ៖
១- ត្រូវរៀបចំកន្លែងលក់ដូរឱ្យមានសោភ័ណភាព របៀបរៀបរយល្អ ។
២- មិនអនុញ្ញាតឲ្យប្រើជញ្ជីងយូរដៃជាដាច់ខាត ជញ្ជីងត្រូវមានបិទសញ្ញាសម្គាល់របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឲ្យបានត្រឹមត្រូវ ។
៣- មិនអនុញ្ញាតឲ្យដើរចាប់ភ្ញៀវនៅលើផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ។
៤- ក្រោយពេលលក់ដូរចប់ ត្រូវធ្វើការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ។
ក្នុងករណីបងប្អូនអាជីវករ មិនគោរពអនុវត្តតាមសេចក្ដីជូនដំណឹងនេះ អាជ្ញាធរក្រុងកែប នឹងចុះរៀបចំសណ្តាប់ធ្នាប់ និងដឹកយកសម្ភារមករក្សាទុក ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ ហើយពិន័យតាមច្បាប់ជាធរមាន ៕











