ចង់មានទម្លាប់ថ្មី ពេលខ្លះមិនស្មុគស្មាញទេ តែតម្រូវឲ្យអ្នកមានការតាំងចិត្តទៀងទាត់ ព្រមទាំងដឹងពីយុទ្ធសាស្រ្តដើម្បីសម្រេចគោលដៅមួយនេះ។
១ អ្នកគួរចាប់ផ្តើមពីទម្លាប់តូចៗសិន
ជំនួសឲ្យការបង្ខំខ្លួនឯងនៅដំណាក់ដំបូង អ្នកអាចចាប់ផ្តើមពីចំណុចតូចៗសិន។ ឧ៖អ្នកចង់ផ្លាស់ប្តូរទម្លាប់គេងយឺត ដោយចង់ក្រោកពីគេងនៅម៉ោង៦ព្រឹក។ អ្នកមិនបាច់ត្រូវបង្ខំខ្លួនឯងក្រោកម៉ោង៥ព្រឹកនោះទេ ដោយចាប់ផ្តើមដាក់ម៉ោងរោទិ៍ត្រឹមម៉ោង៥:៥០ សិន។ ទម្លាប់បែបនេះបានមួយអាទិត្យ បន្ទាប់មក ចាំរំកិលមកម៉ោង៥កន្លះ ហើយកាន់តែរំកិលមកត្រឹមម៉ោង៥ព្រឹកវិញ។ ធ្វើបែបនេះ ជួយអ្នករក្សាបាននូទម្លាប់ល្អដោយសន្តិភាពនិងមិនធ្វើបាបខ្លួនឯងពេក។
២ បង្កើនទម្លាប់បន្តិចម្តងៗ តែនៅតែជាជំហានតូច
រាល់ថ្ងៃ អ្នកគ្រាន់តែត្រូវការសមិទ្ធិផល ១%នៃគោលដៅជាក់លាក់របស់អ្នក។ ការបង្កើតទម្លាប់ថ្មី មិនថាធំឬតូច គួរតែបង្កើនម្តងមួយជំហានៗ មិនមែនប្រញាប់។ ម្យ៉ាងទៀត នៅពេលអ្នកធ្វើបានសម្រេច វាជាអាវុធដ៏មានថាមពលជម្រុញឲ្យអ្នកចង់បន្តជំហានមួយបន្ទាប់ទៀត។ ឧ៖ អ្នកធ្លាប់ចំណាយពេលលេងទូរសព្ទមុនចូលគេងដល់ទៅ៣ម៉ោង តែអ្នកអាចកាត់បន្ថយមកត្រឹម១ម៉ោងមុនចូលគេងវិញ។
៣ ប្រសិនបើអ្នកល្មើសវិន័យ ឆាប់ត្រលប់មកវិញ
សូម្បីតែមនុស្សជោគជ័យម្នាក់ ក៏ពិបាកនឹងមិនសាងកំហុសដែរ ដូច្នេះកុំថាឡើយនៅពេលអ្នកចាប់ផ្តើមទម្លាប់អ្វីថ្មីនៅពេលដំបូងៗ។ ម្ល៉ោះហើយ អ្នកត្រូវឆាប់ភ្ញាក់ខ្លួន ហើយទាញខ្លួនឯងមកវិញ នៅពេលដឹងថាខ្លួនបានល្មើសវិន័យដែលបានកំណត់។ កុំបន្តពន្យាពេលម្តងហើយម្តងទៀត កុំអនុញ្ញាតឲ្យទម្លាប់អាក្រក់ត្រលប់មកម្តងហើយម្តងទៀត ខណៈដែលអ្នកកំពុងពង្រឹងខ្លួនឯងឲ្យល្អជាងមុន៕
		
	









