ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែមករា លោក ឯកឡាក់ ឡុមឈុមខែ ប្រធានមជ្ឈមណ្ឌលព័ត៌មានមនុស្សបាត់ខ្លួន បានថ្លែងថា ទិន្នន័យបាត់ក្មេងនៅថៃកាលពីឆ្នាំ២០២២ សរុបស្មើ២៥១នាក់ កើនឡើងខ្ពស់ក្នុងរយៈពេល៤ឆ្នាំ ហើយខ្ពស់ជាងកាលពីឆ្នាំ២០២១ ដល់២៥% ។ មូលហេតុចម្បង ៦១% ឬ១៦១នាក់ គឺក្មេងរត់ចេញពីផ្ទះ រីឯក្មេងបាត់ខ្លួនដែលមានការអភិវឌ្ឍយឺតផ្នែកប្រាជ្ញា ឬមានជំងឺផ្លូវចិត្ត ស្មើ២១% ឬ៥២នាក់ និងមានក្មេងត្រូវគេចាប់ខ្លួនទៅ២នាក់ ។
អាយុជាមធ្យមរបស់ក្មេងបាត់ពីផ្ទះភាគច្រើនគឺចន្លោះពី១១-១៥ឆ្នាំ ចំនួន១៥៧នាក់ បន្ទាប់មកគឺចន្លោះពី១៦-១៨ឆ្នាំ ចំនួន៦៧នាក់ និងអាយុ១០ឆ្នាំ ចំនួន២៨នាក់ ។ សម្រាប់ក្មេងអាយុចន្លោះពី១១-១៥ឆ្នាំ គឺជាក្មេងជំទង់ចូលចិត្តសេពគប់មិត្តភក្តិ ប្រើប្រាស់បច្ចេកវិទ្យា និងមានចំណង់ផ្លូវភេទតាមធម្មជាតិ ហើយទីក្រុងបាងកកមានក្មេងបាត់ពីផ្ទះច្រើនបំផុតស្មើ៧០នាក់ ។
ក្នុងរយៈពេល៤ឆ្នាំកន្លងមក ឆ្នាំ២០២២ មានទិន្នន័យបាត់ក្មេងច្រើនបំផុត ក្នុងនោះអាយុពី១១-១៥ឆ្នាំជាក្រុមក្មេងងាយសម្រេចចិត្តរត់ចេញពីផ្ទះ ជាពិសេស ក្មេងប៉ះពាល់ដោយសារអំពើហិង្សាក្នុងគ្រួសារ ដែលធ្វើឱ្យពួកគេរត់ទៅរកមិត្តភក្តិ ឬអ្នកទើបស្គាល់គ្នាតាមអ៊ីនធើរណេត ។
តាមទិន្នន័យ ពួកគេយល់ព្រមទៅជាមួយមនុស្សទើបស្គាល់គ្នា ឬជជែកគ្នាតាម facebook instagram tiktok មិនថាពួកគេស្ម័គ្រចិត្តរត់ចេញពីផ្ទះខ្លួនឯង ប៉ុន្តែពិភពខាងក្រៅមានគ្រោះថ្នាក់ច្រើនយ៉ាងដូចជា ការគំរាមកំហែង ការរកប្រយោជន៍ផ្លូវភេទ និងការប្រើអំពើហិង្សា ។ លើសពីនេះ ក្មេងទាំងនោះបានទៅសម្លាប់ខ្លួនផងដែរ ។
ឧត្តមសេនីយត្រី សារុត ខ្វែងសុផា នាយកការិយាល័យប្រឆាំងការជួញដូរមនុស្សថ្លែងថា ការបាត់ក្មេងគឺជាបញ្ហាសំខាន់របស់សង្គម វាកើតឡើងគ្រប់ប្រទេសក្នុងពិភពលោក ។ ក្មេងបាត់ពីផ្ទះតែងមានគ្រោះថ្នាក់គ្រប់ពេលទាំងអស់ ហើយអាចកើតការល្មើសផ្លូវភេទ ឬការស្វែងរកប្រយោជន៍ជាមួយក្មេង ។
តាមសិ្ថតិបង្ហាញថា កាលពីឆ្នាំមុន មានករណីក្មេងត្រូវបានចាប់ខ្លួនទៅឱ្យដើរសុំទាន ដោយជនអាក្រក់បបួលក្មេងទៅញ៉ាំនំ និងដើរលេង រហូតដល់ក្មេងទុកចិត្ត ។
នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សបានដាស់តឿនដល់ឪពុកម្តាយ ឬអាណាព្យាបាលក្មេងត្រូវប្រុងប្រយ័ត្ន ជាពិសេស អាយុពី៤-៨ឆ្នាំ ងាយនឹងត្រូវគេចាប់យកទៅ ។ កត្តាសំខាន់ គឺអាណាព្យាបាលបណ្តោយឱ្យពួកគេរត់លេងតែឯង ហើយមនុស្សអាក្រក់ប្រើឱកាសនេះចូលមកជជែកស្និទ្ធស្នាលជាមួយក្មេង ខណៈជនពាលខ្លះទៅលួងក្មេងនៅហាងហ្គេមដោយផ្តល់ប្រាក់ឱ្យលេងហ្គេមជាដើម ។
អគ្គស្នងការនគរបាលជាតិរបស់ថៃបានផ្តាំផ្ញើដល់ឪពុកម្តាយដើម្បីការពារកូនរបស់ខ្លួន ដូចជា ៖
១-ឪពុកម្តាយត្រូវចាំពីកម្ពស់ ទម្ងន់ និងពណ៌សម្លៀកបំពាក់កូន
២-ថតរូបចុងក្រោយជាមួយសម្លៀកបំពាក់ដែលកូនស្លៀកមុនចេញពីផ្ទះ
៣-បិទស្លាកឈ្មោះ និងលេខទូរស័ព្ទទំនាក់ទំនងមកគ្រួសារលើខ្លួនកុមារ
៤-បង្រៀនកូនថា ជួបគ្នានៅត្រង់ចំណុចណា
៥-បង្រៀនកូនពេលស្ថិតក្នុងគ្រោះថ្នាក់មានអ្នកដឹកដៃទៅ ដោយឱ្យកូនស្រែកខ្លាំងៗឱ្យគេជួយ ៕
ប្រភព ៖ 3PlusNews










