ភ្នពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ របស់កម្ពុជាបានរាយការណ៍អំពីចំនួនយានយន្តដែលធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងរបស់ប្រទេស មានចំនួនកើនឡើង ១ លានគ្រឿងជាងក្នុងរយៈពេល ៣ ខែដំបូងចាប់តាំងពីការចេញលក់ជាផ្លូវការកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានរាយការណ៍ពីរាជធានីភ្នំពេញ នៅថ្ងៃ ទី ៣ ខែមករា ឆ្នាំ២០២៣ ថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានបញ្ជាក់ពីបរិមាណចរាចរណ៍លើផ្លូវល្បឿនលឿននេះ សរុបចំនួន ១,១១២,៥៩០ គ្រឿង ចាប់តាំងពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។
ពិតណាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាមួយនឹងចម្ងាយផ្លូវសរុប ១៨៧ គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងជាមួយនឹងថវិកាវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ដោយសាជីវកម្ម China Road and Bridge Corporation ឬ CRBC ដែលតភ្ជាប់រាជធានីភ្នំពេញ ជាមួយខេត្តព្រះសីហនុ ដែលជាទីតាំងនៃកំពង់ផែសមុទ្រជ្រៅ និងជាទីតាំងតំបន់ទេសចរដ៏ពេញនិយមមួយក្នុងប្រទេស។
បើតាមប្រភពពីលោក សារ៉េត ស្លាពេជ្រ ប្រធានស្ថានីយ៍គិតលុយភ្នំពេញ-ព្រះសីហនុ បានមានប្រសាសន៍ ថាផ្លូវល្បឿនលឿននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងការដឹកជញ្ជូននៅកម្ពុជា។
ដោយអ្នកធ្វើដំណើរជាលក្ខណៈគ្រួសារត្រូវបង់ប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ១២ ដុល្លារអាមេរិក ជាមួយនឹងរយៈពេលធ្វើដំណើរប្រហែលត្រឹម២ម៉ោងរវាងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុខណៈដែលកាលពីមុន ឡានកុងតឺន័រត្រូវចំណាយពេលមួយថ្ងៃឬពីរថ្ងៃដើម្បីធ្វើដំណើររវាងទីក្រុងទាំងពីរ ប៉ុន្តែឥឡូវនេះការធ្វើដំណើរអាចធ្វើបាន ២-៣ ដង ទៅនឹងមកក្នុងមួយថ្ងៃលើផ្លូវល្បឿនលឿនមួយនេះ។

ខណៈដែលកន្លងមក សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា ការបើកផ្លូវល្បឿនលឿននេះ នឹងជួយសន្សំសំចៃទាំងការចំណាយ និងពេលវេលាធ្វើដំណើរ ព្រមទាំងជំរុញឲ្យ ម្ចាស់ក្រុមហ៊ុនដឹកទំនិញ ងាកមកប្រើផ្លូវល្បឿនលឿន ព្រោះវាចំណាយតិចជាងការប្រើផ្លូវធម្មតា ដោយការជួយសន្សំសំចៃទាំងប្រេងឥន្ធនៈ និងពេលវេលានៅក្នុងសង្វាក់ផ្គត់ផ្គង់ផងដែរ៕











