ប្រទេសថៃ ៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងអាជីវកម្មអង់គ្លេស បានបង្ហាញពីសេដ្ឋកិច្ចពិភពលោក ក្នុងនោះក៏បានវិភាគពីសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៧ថា នឹងរីកលូតលាស់លំដាប់ទី២៤ក្នុងពិភពលោក ។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងអាជីវកម្មអង់គ្លេស Centre for Economics and Business Research (CEBR) បានធ្វើការវិភាគសេដ្ឋកិច្ចជាច្រើនប្រទេសក្នុងពិភពលោក ។ កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក របាយការណ៍នោះចង្អុលបង្ហាញថា នៅឆ្នាំ២០២៧ សេដ្ឋកិច្ចថៃនឹងរីកលូតលាស់ស្ថិតនៅលេខរៀងទី២៤ ក្នុងពិភពលោក ។
របាយការណ៍របស់ CEBR បាននិយាយពីការអភិវឌ្ឍសេដ្ឋកិច្ចថៃតាំងពីឆ្នាំ១៩៨៦ រហូតដល់ឆ្នាំ២០១៩ បានរីកចម្រើនរហូតមក ខណៈអត្រាប្រជាជនក្រីក្រ ពីមុនស្មើដល់៦៧% ធ្លាក់ចុះមកត្រឹម៦,២%ប៉ុណ្ណោះ តែការរាលដាលនៃជំងឺកូវីត-១៩ ធ្វើឱ្យរំខានដល់ការលូតលាស់សេដ្ឋកិច្ចប្រទេសនេះ ។ របាយការណ៍ថា សេដ្ឋកិច្ចថៃក្នុងឆ្នាំ២០២២ លូតលាស់ត្រឹមតែ២,៨%ប៉ុណ្ណោះ ហើយសេដ្ឋកិច្ចថៃនឹងត្រឡប់មកលូតលាស់ដូចមុនពេលផ្ទុះកូវីត នៅក្នុងឆ្នាំ២០២៣ ។
ទោះយ៉ាងណា ការវិភាគនេះបានលើកឡើងពីរឿងកម្លាំងពលកម្មផ្នែកកសិកម្មមានចំណូលទាប សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលស្មើនឹង៤៦,២% របស់ GDP ថៃ ។ ដូច្នេះ បើគ្មានការផ្លាស់ប្តូរផ្នែកទាំងនេះទេ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃរយៈពេលយូរអង្វែង ។
CEBR បានវិភាគពីសេដ្ឋកិច្ចថៃនឹងលូតលាស់ជាមធ្យមប្រមាណ៣,៤%ក្នុងពេល៥ឆ្នាំ ហើយនៅឆ្នាំ២០២៨-២០៣៧ សេដ្ឋកិច្ចថៃនឹងលូតលាស់ជាមធ្យមក្នុង១ឆ្នាំ៣% ខណៈឆ្នាំ២០២៧ សេដ្ឋកិច្ចថៃនឹងលូតលាស់ក្នុងលំដាប់ទី២៤របស់ពិភពលោក ។
ទិន្នន័យសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ពីរបាយការណ៍ CEBR ៖
១-CEBR ថា នៅឆ្នាំ២០៣២ សេដ្ឋកិច្ចវៀតណាមនឹងស្ថិតនៅលំដាប់ទី២៨របស់ពិភពលោក និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៤៥ ។
២-សេដ្ឋកិច្ចចិននឹងលូតលាស់ជាងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០៣៦ ។
៣-សេដ្ឋកិច្ចឥណ្ឌានឹងស្ថិតនៅលំដាប់ទី៣ របស់ពិភពលោកក្នុងឆ្នាំ២០៣២ ។
៤-សេដ្ឋកិច្ចកម្ពុជានឹងស្មើប្រមាណ១០០.០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០៣៧ ។
៥-GDP សិង្ហបុរីនឹងលូតលាស់រយៈពេល៥ឆ្នាំ បន្ទាប់មក ជាមធ្យមក្នុង១ឆ្នាំស្មើ២,៣% ហើយបន្ទាប់ពីឆ្នាំ២០២៨ នឹងលូតលាស់ជាមធ្យមក្នុង១ឆ្នាំ២,៤% ។ នៅឆ្នាំ២០៣៧ សេដ្ឋកិច្ចសិង្ហបុរីនឹងស្ថិតក្នុងលំដាប់ទី៣៩របស់ពិភលោក ៕
ប្រភព ៖ mgronline










