នាថ្ងៃទី៣១ ធ្នូ កន្លងមក លោក Suthipong Kongpool មកពីផ្នែកអាកាសចរប្រទេសថៃ បង្ហាញថា ខណៈចិនមាននយោបាយបើកប្រទេសនៅថ្ងៃទី៨ ខែមករានេះ មានជើងហោះហើរចិនជាច្រើនសួរនាំការធ្វើដំណើរមកកាន់ប្រទេសថៃ ព្រមទាំងជើងហោះហើរថៃមានគម្រោងបើកការហោះហើរទៅទីក្រុងផ្សេងៗរបស់ចិនផងដែរ ។ អ្នកធ្វើការផ្នែកហោះហើរនានានឹងពន្លឿនផែនការរបស់ខ្លួន ព្រមទាំងបន្ថែមជើងហោះហើរមកកាន់ថៃក្នុងឆ្នាំនេះ ដូច្នេះ ថៃត្រៀមទទួលអ្នកទេសចរចិននាពេលបុណ្យចូលឆ្នាំចិនខាងមុខ ។
លោកបន្តថា ការត្រឡប់មកធ្វើដំណើររបស់អ្នកទេសចរចិន នឹងជាកត្តាសំខាន់សម្រាប់ការងើបឡើងវិញផ្នែកហោះហើររបស់ថៃ ។ ភ្ញៀវទេសចរក្នុងឆ្នាំនេះ នឹងកើនឡើងប្រមាណ៦២លាននាក់ ឬស្មើ៥០% បើធៀបនឹងឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺកូវីត-១៩ ព្រោះចិនជាទីផ្សារសំខាន់សម្រាប់ថៃ ។
លោកបន្តទៀត ថា បច្ចុប្បន្ន មានជើងហោះហើរពីថៃទៅកាន់ប្រទេសចិន សរុប១៥លើកក្នុង១សប្តាហ៍ ដែលជាចំនួនតិចបំផុតបើធៀបនឹងឆ្នាំ២០១៩ មានជើងហោះហើរដល់ទៅជាង៤០០ជើងក្នុង១សប្តាហ៍ ។ លោកជឿថា ពេលចិនបន្ធូរបន្ថយលក្ខខណ្ឌការធ្វើដំណើរនោះ ជើងហោះហើរពីចិននឹងកើនឡើងភ្លាមៗ ពីព្រោះថៃជាប្រទេសគោលដៅសំខាន់ដែលជនជាតិចិននិយមមកកម្សាន្តស្រាប់ទៅហើយ ។
ប្រទេសថៃនឹងត្រឡប់មកធ្វើការហោះហើរនៅទីក្រុងបាងកក ឈៀងម៉ៃ និងភូកេត ជាមុនសិន ពីព្រោះជើងហោះហើរនៅព្រលានយន្តហោះទាំងនេះត្រៀមរួចរាល់ក្នុងការទទួលអ្នកទេសចរចិន ។ ថៃប៉ាន់ស្មានថា នៅក្នុងឆ្នាំ២០២៣នេះ នឹងមានភ្ញៀវទេសចរចិនធ្វើដំណើរឆ្លងកាន់អាកាសយានដ្ឋានប្រមាណ៧-១០លាននាក់ ៕ ប្រភព ៖ 3Plus NEWS










