ត្បិតមានឈ្មោះថាជា ខ្លោងទ្វារខ្មោច តែមានអារម្មណ៍មិនគួរឲ្យខ្លាចដូចឈ្មោះទេ។ ខ្លោងទ្វារខ្មោច គឺជាខ្លោងទ្វារខាងកើតរបស់អង្គរធំ (រាជធានីនេះបានកសាងឡើងតាំងពីចុងស.វទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ដែលពីមុនមានឈ្មោះថា យសោធរបុរ ឬគ្រីយសោធរបុរតាមសិលាចរិតសម័យកណ្ដាលខ្លះទៀតហៅឈ្មោះថា មហានគរ ឬ ឥន្ទ្រប្រស្ថបុរី)។ឈ្មោះនេះប្រហែលជាអាចធ្វើឱ្យអ្នកខ្លាចរអារ មិនចង់ទៅទស្សនា ប៉ុន្តែភាពស្រស់ស្អាតនៃខ្លោងទ្វារនេះមិនចាញ់ខ្លោងទ្វារផ្សេងឡើយ ការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះ គឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នករស់នៅខាងក្នុងទៅបូជា ឬចោលទៅក្នុងទឹកស្ទឹង នាសម័យនោះ។ អមសងខាងច្រកចូលខ្លោងទ្វារទាំងក្នុងនិងក្រៅ មានចម្លាក់ដំរីក្បាលបីដែលមានទេវរូបគង់ពីលើ ហើយប្រមោយមានផ្កាឈូកជាច្រើន ហាក់បីដូចដង្ហែត្រៀមថ្វាយពិធីអ្វីមួយអ៊ីចឹង។ កំពូលខ្លោងទ្វារនេះជាព្រះកេសរបស់ព្រះពោធិសត្វលោកេស្វរៈ ដែលមានព្រះភ័ក្របួន សម្លឹងទៅទិសទាំងបួន (ទិសខាងលិច កើត ជើង និងទិសខាងត្បូង) ។ ខាងកើតជាប់នឹងខ្លោងទ្វារនេះ មានប៉មពីរអមសងខាងច្រកចូលក្នុងរាជធានីអង្គរធំ ប្រហែលជា ទីកន្លែងសម្រាប់ពលសេនាយាមនាសម័យនោះហើយមើលទៅ។ ខាងកើតខ្លោងទ្វារនេះប្រហែល ៥០ម មានស្ទឹងមួយដែលរដូវប្រាំងមានទឹកហូររឹមៗ ត្រជាក់គួរជាទីពេញចិត្ត៕
Home តំបន់ទេសចរណ៍