បរទេស៖ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសរិះគន់រដ្ឋាភិបាលតាលីបង់ចំពោះការហាមប្រាមស្ត្រីមិនឱ្យចូលរៀននៅសាកលវិទ្យាល័យបន្ត ដោយសារអះអាងថា ចង់រក្សាដើម្បីផលប្រយោជន៍ជាតិ និងគោរពសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំជាន់ខ្ពស់ក្នុងរដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន បានបញ្ជាក់យ៉ាងច្បាស់ថាស្ត្រីទាំងអស់នៅក្នុងប្រទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យសិក្សានៅសាកលវិទ្យាល័យរបស់ប្រទេសនោះទេ។ ក្នុងនោះសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់នឹងត្រូវតែបញ្ឈប់ការបង្រៀនទៅកាន់ស្ត្រីជាបន្ទាន់ បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាតាលីបង់បានធ្វើការសម្រេចចិត្ត ក្រោមហេតុផល ចង់រក្សាដើម្បីផលប្រយោជន៍ជាតិ និងគោរពសេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងអាហ្វហ្គានីស្ថាន។
លិខិតនេះត្រូវបានបញ្ជាក់ដោយហត្ថលេខារបស់រដ្ឋមន្ត្រីឧត្តមសិក្សា នីដា ម៉ូហាម៉ែត ណាឌីម(Neda Mohammad Nadeem) កាលពីថ្ងៃអង្គារកន្លងទៅ ស្របពេលដែលការសម្រេចចិត្តរបស់រដ្ឋាភិបាលតាលីមួយនេះបង់កើតឡើងចំពេលដែល សាកលវិទ្យាល័យជាច្រើនក្នុងប្រទេសកំពុងរៀបចំការប្រឡងចុងក្រោយ។
ទោះជាយ៉ាងណាអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន់ ឌូចារិក(Stefan Dujarric) បានប្រាប់ថានេះជាបញ្ហាដ៏ធំ ដោយរដ្ឋាភិបាលតាលីបង់កំពុងតែបំពានកិច្ចសន្យាដែលបានព្រមព្រៀងគ្នាជាមួយអង្គការសហប្រជាជាតិ ចាប់តាំងពីរដ្ឋាភិបាលតាលីបង់ឡើងកាន់អំណាចថាមិនបំពាន់សិទ្ធស្ត្រី ប៉ុន្តែមកទល់ពេលនេះមិនត្រឹមតែក្នុងវិស័យអប់រំប៉ុណ្ណោះទេ សូម្បីការចូលទៅកាន់ទីធ្លាសាធារណៈក៏ត្រូវបានរឹតត្បិតផងដែរ។
ដូច្នេះវាពិតជាពិបាកក្នុងការស្រមៃមើលថាប្រទេសកំពុងអភិវឌ្ឍន៍អាចរីកចម្រើនទៅបានទេ បើសិនជាមានការលុបបំបាត់ គ្មានការសហការពីស្ត្រីដែលមិនបានទទួលការអប់រំបន្ថែមបែបនេះ។
យ៉ាងណាមិញការសម្រេចចិត្តបិទសាកលវិទ្យាល័យរបស់ស្ត្រីនៅអាហ្វហ្គានីស្ថានមួយនេះ បានធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ហើយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បានរួមគ្នាធ្វើការថ្កោលទោសចំពោះសកម្មភាពរបស់រដ្ឋាភិបាលតាលីបង់យ៉ាងខ្លាំង។

បន្ថែមពីលើនោះអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលតាលីបង់នឹងមិនអាចរំពឹងថាទទួលបានឋានៈ ជាសមាជិកជាមួយនឹងកិច្ចសហប្រតិបត្តិការណាមួយឡើយជាមួយអន្តរជាតិ ដរាបណារដ្ឋាភិបាលនៅតែបំពានសិទ្ធិរបស់ប្រជាជនអាហ្វហ្គានីស្ថាន ជាពិសេសសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ស្ត្រី និងកុមារីបន្ត៕ ប្រភព៖ pptvhd36













