ភ្នំពេញ៖ នាមុននេះបន្តិចស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានធ្វើការបដិសេធច្រានចោលទាំងស្រុង ដោយថាលោកមិនបានឆាតទៅតារាសម្តែង An na Rose ឡើយ និងប្រកាសថា មានជនអនាមិកបង្កើតគណនី Telegram ក្លែងក្លាយក្នុងគោលបំណងមិនល្អ។

ជាក់ស្ដែងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រកាសជូនដំណឹងនៅលើផេកហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «ដោយបានឃើញមានជនអនាមិកបោកប្រាស់បានបង្កើតគណនី​ Telegram ដោយយករូប​លោក ទៅផ្ញើសារក្នុងន័យមិនល្អ និងធ្វើឱ្យប៉ៈពាល់មកលើកិត្តិយសរបស់លោកស្នងការ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ បានសរសេររៀបរាប់ថា៖ «សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរស័ព្ទរបស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរស័ព្ទខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមឱ្យកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើឱ្យប៉ៈពាល់មកលើកិត្តិយសរបស់ខ្ញុំ»​។

ដោយឡែកមុននឹងមានបកស្រាយចំពោះគណនីដែលក្លែងបន្លំយករូបថតរបស់លោកឧត្តមសេនីយ៍ទោ ហើយឆាតទៅតេឡេក្រាមកញ្ញា An na Rose​ យើងក៏បានឃើញកញ្ញាបង្ហោះសារយ៉ាងដូច្នេះថា៖ «ញុំមិនមែនស្រីរកសុី ស្រីសំផឹងរឺស្រីខូចទេ សំខាន់អ្នកអែងឆាតមកបែបមើលងាយជាន់ឈ្លីកិត្តិយសខ្ញុំ ហើយក៍ខ្ញុំមិនខ្វល់ថាអ្នកអែងជាអ្នកណាដែល ព្រោះខ្ញុំមិនដែលស្គាល់អ្នកអែង សំខាន់ខ្ញុំគឺជាមនុស្សស្រី ខ្ញុំក៍មានតំលៃនឹងកិត្តិយសរបស់ខ្ញុំដែលហេតុអីក៍មើលងាយខ្ញុំដល់ថ្នាក់នេះខ្ញុំឈឺចាប់ណាស់ជីវិតមួយនេះគេចាំតែមើលងាយជាន់ពន្លិច ខ្ញុំហត់ណាស់» ៕