ប្រទេសចិន៖ ពិតជាឆ្លាតខ្លាំងណាស់ វេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យជាច្រើនកន្លែងក្នុងប្រទេសចិនបានសម្រេចចិត្តយក “មនុស្សយន្តឆ្លាតវៃ” សម្រាប់ជួយសម្រាលបន្ទុកក្នុងការវះកាត់លើអ្នកជំងឺដែលមានជំងឺឆ្អឹងផ្សេងៗ។

កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះទីភ្នាក់ងារ Xinhua បានរាយការណ៍ពីទីក្រុង Dalian ប្រទេសចិន បង្ហាញពីមន្ទីរពេទ្យជាច្រើនក្នុងប្រទេសចិនកំពុងតែប្រើប្រាស់ការវះកាត់ដោយយកមនុស្សយន្តអភិវឌ្ឍនៅក្នុងប្រទេសជាជំនួយក្នុងការវះកាត់ឆ្អឹង ដូចជាមន្ទីរពេទ្យ “ប្រជាជនទី២” នៅដាលីន ក្នុងខេត្ត Liaoning ភាគឦសាននៃប្រទេសចិនជាដើម។

ក្នុងនោះក្រុមវេជ្ជសាស្រ្តបាននិយាយថាការអនុវត្តដោយយកមនុស្សយន្តជាជំនួយវះកាត់ជំងឺឆ្អឹងខាងលើ គឺបានអនុវត្តចាប់តាំងពី ឆ្នាំ ២០២០មកម្លេះ ដោយមនុស្សយន្តអាចធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការវះកាត់របស់វេជ្ជបណ្ឌិតកាន់តែប្រសើរឡើង។

យ៉ាងណាមិញលោកវេជ្ជបណ្ឌិត Qi Zhiming ប្រធានមន្ទីរពេទ្យ “ប្រជាជនទី២” បាននិយាយថា មនុស្សយន្តទាំងនេះគាំទ្រ និងជាផ្នែកមួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យ ដោយមនុស្សយន្តវៃឆ្លាតនោះបានចូលរួមការវះកាត់ឆ្អឹងខ្នងជាង ៥០ដង ការវះកាត់ជង្គង់ ៤០ដង និងការវះកាត់ត្រគាកប្រហែល ១០ដងយ៉ាងជោគជ័យ។

ហើយក្រុមគ្រូពេទ្យបន្ថែមថា ពួកគេពិតជាមានទំនុកចិត្ត លើកិច្ចខិតខំប្រឹងប្រែងរួមគ្នានឹងការអនុញ្ញាតឱ្យអនុវត្តការវះកាត់ជាមួយមនុស្សយន្ត ហើយសង្ឃឹមថាវាជាអត្ថប្រយោជន៍សម្រាប់វេជ្ជសាស្រ្តនាពេលអនាគត៕ ប្រភព៖ Dailynews