អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តារា WNBA នាង ប្រ៊ីតនី គ្រីនឺ (Brittney Griner) ត្រូវបានដោះលែងពីការឃុំឃាំងរុស្ស៊ីហើយ ក្នុងការដោះដូរអ្នកទោសដែលជាប់ពាក់ព័ន្ធនឹងឈ្មួញអាវុធរុស្ស៊ី លោក វីកទ័រ ប៊ូត (Viktor Bout)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
ការដោះដូរនេះធ្វើឡើង នៅអាកាសយានដ្ឋានអាប៊ូដាប៊ី (Abu Dhabi) ក្នុងប្រទេសអារ៉ាប់រួម បន្ទាប់ពីការចរចាជាយូរមកហើយ រវាងប្រទេសទាំងពីរ។
តើលោក Viktor Bout ជានរណា?
លោក Bout គឺជនជាតិរុស្ស៊ីដើមកំណើតតាហ្ស៊ីគីស្ថាន។ គាត់បានចាប់ផ្តើមអាជីព ជាអ្នកដឹកជញ្ជូនតាមផ្លូវអាកាសនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។
លោក Bout ត្រូវបានគេនិយាយថា បានចាប់ផ្តើមបញ្ជូនអាវុធតាមរយៈក្រុមហ៊ុនជួរមុខមួយចំនួន ទៅកាន់តំបន់ដែលហែកហួរដោយសង្គ្រាមនៅទ្វីបអាហ្វ្រិក។
អង្គការសហប្រជាជាតិ (UN) បានដាក់ឈ្មោះគាត់ថាជា សហការីរបស់អតីតប្រធានាធិបតីលីបេរីយ៉ា លោក ឆាលែស ថាយល័រ (Charles Taylor) ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១២ ក្រោមការចោទប្រកាន់ពីបទជួយ និងលុបបំបាត់ឧក្រិដ្ឋកម្មសង្រ្គាម ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលនៅប្រទេស សៀរ៉ាឡេអូន។
យោងតាមឯកសាររបស់ UN, “លោក Bout គឺជាអ្នកជំនួញ និងអ្នកដឹកជញ្ជូនអាវុធ និងរ៉ែដែលបានគាំទ្ររបបរបស់អតីតប្រធានាធិបតី Taylor ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កអស្ថិរភាពនៅ សៀរ៉ាឡេអូន និងទទួលបានត្បូងពេជ្រដោយខុសច្បាប់”។
ចំណែករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈិមបូព៌ាបានអះអាងថា គាត់គឺជាអ្នករត់ការកាំភ្លើងសម្រាប់ក្រុមអាល់កៃដា និងតាលីបង់។
គាត់ក៏ត្រូវបានគេចោទប្រកាន់ថា បានបញ្ជូនអាវុធដល់ភាគីទាំងសងខាងនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសអង់ហ្គោឡា ហើយបានផ្គត់ផ្គង់អាវុធដល់ក្រុមមេដឹកនាំសង្រ្គាម និងរដ្ឋាភិបាលពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេសស៊ូដង់ និងលីប៊ីផងដែរ។
គាត់បានទទួលស្គាល់ថា បានបញ្ជូនអាវុធទៅប្រទេសអាហ្វហ្គានីស្ថាន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ដោយនិយាយថា អាវុធត្រូវបានប្រើដោយពួកមេបញ្ជាការ ប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់។
គាត់ក៏បានអះអាងដែរថា បានជួយរដ្ឋាភិបាលបារាំង ដឹកជញ្ជូនទំនិញទៅកាន់ប្រទេស រវ៉ាន់ដា បន្ទាប់ពីអំពើប្រល័យពូជសាសន៍ និងបានដឹកជញ្ជូនកងរក្សាសន្តិភាពរបស់ UN។
ប៉ុន្តែភ្នាក់ងារអនុវត្តច្បាប់ បានដេញតាមគាត់ពេញមួយទសវត្សរ៍ឆ្នាំ២០០០។ គាត់បានចាកចេញពីផ្ទះរបស់គាត់នៅប្រទេសបែលហ្ស៊ិកក្នុងឆ្នាំ២០០២ ពេលដែលអាជ្ញាធរនៅទីនោះ ចេញដីកាចាប់ខ្លួន។
គេគិតថា លោក Bout បានធ្វើដំណើរក្រោមឈ្មោះក្លែងក្លាយជាច្រើន ដោយឆ្លងកាត់ប្រទេសនានាដូចជា អារ៉ាប់រួម និងអាហ្រ្វិកខាងត្បូងជាដើម មុនពេលវិលទៅរុស្ស៊ីវិញក្នុងឆ្នាំ ២០០៣។
ក្នុងឆ្នាំដដែលនោះ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក ភីតធ័រ ហេន (Peter Hain) បានដាក់ងារឲ្យគាត់ថា “ឈ្មួញមរណៈ”។
ទីបំផុត លោក Bout ត្រូវបានបញ្ជូនទៅឃុំឃាំងក្នុងទីក្រុងវ៉ាស៊ីនតោននៅឆ្នាំ២០០៨ ក្រោយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ បន្ទាប់ពីប្រតិបត្តិការដ៏សាហាវដែលគ្រប់គ្រងដោយរដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក។
គាត់ត្រូវបានគេធ្វើបត្យាប័នជាបន្តបន្ទាប់ទៅកាន់សហរដ្ឋអាមេរិក ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំក្នុងឆ្នាំ២០១២ ៕










