ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះយុវជន​មីល្ពៅ​ខ្មែរ បាត់ដំបងលោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា ខណៈការប្រកាសបែបនេះបាននាំឱ្យមហាជនផ្ទុះការជជែកវែកញែកទៅតាមការយល់ឃើញរៀងៗខ្លួន ដោយយើងឃើញមហាជនមួយចំនួនធំបានលើកឡើងថា ការបរាជ័យរបស់យុវជនមីល្ពៅគឺបណ្ដាលមកពីភាពអំណួតមិនព្រមបើកចិត្តទទួលយកការវិនិយោគរបស់នរណាម្នាក់។

យ៉ាងណាមិញយោងតាមយុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។

ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល»។

ជាក់ស្ដែងយើងសូមរំលឹកទៅដល់កាលពីឆ្នាំ២០១៩ ក្រោយ​ល្បីល្បាញ​ពី​សមិទ្ធផល​ក្នុង​ការស្រាវជ្រាវ​ផលិត​សរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅ អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៃ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង​លោក វ៉ាន់ គិមវ៉ាង បាន​ទម្លាយ​ពី​ឧបសគ្គ​ជាច្រើន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ដំណើរការ​ផលិត​ជា​កត្តា​ធ្វើឲ្យ​លោក​ស៊ូ​ដើរ​លើ​វិថី​ខ្លួន​ទីពឹង​ខ្លួន​ដោយ​មិន​ទទួល​ការសុំ​វិនិយោគ​ឡើយ​។

ស្ថាបនិក​មីល្ពៅ​វ័យ ២៦ ​ឆ្នាំ​រូប​នេះ​បាន​ប្រកាស​ថា​៖ «​មីល្ពៅ​ខ្មែរ​បាត់ដំបង​សូម​ប្រកាស​ជា​ផ្លូវការ​ថា ខ្ញុំ​សូម​បិទ​មិន​ទទួល​ការសុំ​វិនិយោគ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ទទួល​វិនិយោគ​ពី​ខាង​ណា​ដែរ​។ ខ្ញុំ​នឹង​ខំប្រឹង​ធ្វើ​វា​ដោយ​ខ្លួនឯង ទោះ​លំបាក​យ៉ាង​ណា​ក៏ដោយ​»​។

រំឭក​ពី​ដំណើរ​ផ្លូវ​ដ៏លំបាក​មុន​នឹង​រំលេច​រូបរាង​ផលិតផល​របស់​ខ្លួន ស្ថាបនិក​មី​ល្ពៅ​ខ្មែរ​លោក វ៉ាន់ គិមវ៉ាង បាន​ប្រាប់ថា​៖ «​មូលហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​បង្កើត​មីល្ពៅ​នេះ​គឺ​មកពី​មាន​ព្រឹតិ្តការណ៍​មួយ​បាន​កើតឡើង​នៅ​ឆ្នាំ​ ២០១៥ គឺ​កសិករ​យើង​ដាំ​ល្ពៅ​ដើម្បី​លក់​ឲ្យ​ថៃ​រៀងរាល់​ខែ ប៉ុន្តែ​ស្រាប់​តែ​នៅក្នុង​ខែ​មួយ ថៃ​ឃើញ​ល្ពៅ​យើង​ច្រើន គេ​ទម្លាក់​តម្លៃ​ល្ពៅ​ខ្មែរ ហើយ​ពេល​នោះ​កសិករ​យើង​ខឹង​ក៏​បាន​យក​ល្ពៅ​ទាំងនោះ​ចាក់ចោល​កណ្តាល​ផ្លូវ ហើយ​នេះ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​ខឹង និង​អាណិត​កសិករ​យើង ដែល​ខិតខំ​ដាំ​ល្ពៅ​ហើយ តែ​បែរ​ជា​មិន​មាន​តម្លៃ​ទៅវិញ​»​។

ក្នុង​បំណង​ជួយ​កសិករ​ដាំ​ល្ពៅ យុវជន​រូប​នេះ​បាន​ដាក់​គម្រោង​ការស្រាវជ្រាវ និង​ច្នៃ​ផលិតផល​ចេញ​ពី​ផ្លែ​ល្ពៅ​។ រហូត​ដល់​ពេល​លោក​បាន​ចូល​សិក្សា​នៅ​ឆ្នាំ​ទី​ ២ ​ផ្នែក​វិទ្យាសាស្ត្រ​​ចំណីអាហារ​ក៏​ត្រូវ​បាន​លោកគ្រូ​ម្នាក់​​ជួយ​បង្ហាញ​ផ្លូវ និង​ជំរុញ​ឲ្យ​ធ្វើ​មី​ពី​ផ្លែ​ល្ពៅ​ពី​នេះ​ឡើង​។

យ៉ាងណាមិញក្រោយពីយុវជនមីល្ពៅបានប្រកាសផ្អាកផលិតមីល្ពៅហើយយើងក៏បានសង្កេតឃើញមានមហាជននាំគ្នាចូលទៅខមមិននៅក្នុងការផុសនោះដោយមានអ្នកខ្លះបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងន័យការដឹកនាំ ចេះបច្ចេកទេសការងារស្នូល វាជាភាពចាំបាច់មួយ តែបើចេះបង្កើតដំណើរការផលិត​ ដោយចាប់យកដៃគូរវិនិយោគ ពីដំណើរផ្គត់ផ្គត់វត្ថុធាតុដើម រហូតបញ្ចេញលក់លើទីផ្សារដល់ដៃអតិថិជន ទើបការងារនេះបានសម្រេច ដូចនេះ កុំអំនួតតែលើចំណេះដឹងជំនាញ តែមួយមុខ ត្រូវប្រឹងដឹកនាំបន្ថែម»។

«ពេលខ្លះកំអំណួតខ្លួនពេល ត្រូវចេះស្វែងរកដៃគូរវិនិយោគដើម្បីបន្តអាជីវកម្ម បើខ្លួនយើងគ្មានលទ្ធភាពនោះ នេះហើយហើយជាជំងឺអំណួតមួយនៅក្នុងស្រុកយើង ចូលចិត្តធ្វើអីមួយលាក់ខ្លាចគេដឹងរឺចេះជាងចុងក្រោយបាត់អស់ ដូចករណីនេះអញ្ចឹងមិនព្រមទទួលរើសយកដៃគូរវិនិយោគណាល្អមួយមកសហការណ៍ទេ សុខចិត្តបិទចោលតែម្តង តើចំណេញរឺខាត? ពេលខ្លះបើយើងជ្រើសរើសដៃគូរវិនិយោគត្រឹមត្រូវ ធ្វើអោយអាជីវកម្មយើងរីកចំរើនទៅមុន វាក៍រួមចំណែកជួយដល់សង្គម និងប្រទេសដែល តែបើយើងដឹងខ្លួនថាគ្មានលទ្ធភាពហើយសុខចិត្តមិនរើសដៃគូរវិនិយោគ ហើយសុខចិត្តបិទចោលនោះគឺស្មើសូន្យ» ៕