ភ្នំពេញ៖ ក្រុមការងារពិធីការមកពី ៤ ក្រសួង ស្ថាប័នរបស់រដ្ឋ នឹងរួមគ្នាត្រៀមទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយស ដែលរួមមានថ្នាក់ដឹកនាំកំពូលៗ អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមុខអ្នកការជាច្រើនរូប នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ចៅស្រី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមនាយិការពិធីការឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងឱ្យដឹង នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះ។
បើតាមលោកស្រី គីម ពៅ នាយិការពិធីការឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងឱ្យដឹងក្នុងកិច្ចប្រជុំការងារពិធីការ ត្រៀមមង្គលការខាងលើ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថា ពិធីរៀបអាពាហ៍ពិពាហ៍នេះ នឹងមានក្រុមការងារពិធីការ មកពី៤ក្រសួងរួមគ្នា ដើម្បីទទួលភ្ញៀវកិត្តិយស ក្នុងនោះរួមមាន ក្រុមការងារក្រសួងរៀបចំដែនដី ចំនួនប្រមាណ ៧០នាក់ និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបរាប់រយនាក់បន្ថែមទៀត។
លោកស្រី គីម ពៅ បានបញ្ជាក់ឱ្យដឹងបន្ថែមថា សម្រាប់កម្មវិធីនៅល្ងាចថ្ងៃទី០៤ និងព្រឹកថ្ងៃទី០៥ ខែធ្នូ នឹងត្រូវធ្វើនៅភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងកម្មវិធីទទួលទានអាហារនៅល្ងាចថ្ងៃទី០៥ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ចំណែកឯក្រុមការងារពិធីការទាំងអស់ តម្រូវឱ្យពាក់អាវហូលសម្រាប់បុរស និងពាក់អាវប៉ាក់សម្រាប់នារី នៅក្នុងកម្មវិធីពេញទាំងពីរថ្ងៃតែម្តង។
សូមបញ្ជាក់ថា កូនស្រីរបស់លោក អ៊ាង សុផល្លែត ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ ខែធ្នូ មានឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ។ រីឯកូនប្រុសមានឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត ជាកូនប្រុសរបស់លោកបណ្ឌិត ប៉ែន សំអាត និងលោកស្រី ហាក់ ស្រីទូច។
អាពាហ៍ពិពាហ៍នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាជីតារបស់កូនក្រមុំ។
លោក អ៊ាង សុផល្លែត ឪពុករបស់កូនក្រមុំ បានជ្រើសយកការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃនេះ គឺដើម្បីបង្ហាញពីក្តីស្រឡាញ់ដ៏ធំធេងចំពោះកូនស្រី និងចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ គឺយើងអាចដាំបានដោយខ្លួនឯង ដោយពុំចាំបាច់យកពីបរទេសកន្លងទៅផ្កាដែលតាំងលំអរក្នុងពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗទៀត ភាគច្រើនត្រូវបានគេទិញពីក្រៅប្រទេស ដូច្នេះបើគេអាចបាននៅក្នុងស្រុក ដើម្បីបំពេញសេចក្តីត្រូវការទាំងនេះ ក៏បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរផងដែរ ៕















