អន្តរជាតិ៖ ទីភ្នាក់ងារណាសា (NASA) បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមបេសកកម្មនៅឆ្នាំ២០២៣ ដើម្បីរុករកអាចម៍ផ្កាយមួយ ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ក្វាទ្រីលានដុល្លារ ($10,000,000,000,000,000,000,000) ដែលគ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នានៅលើផែនដីក្លាយជាមហាសេដ្ឋីបាន។ បេសកកម្ម សាយឃី (Psyche) មានគោលបំណងស្ទាបស្ទង់មើលអាចម៍ផ្កាយ Psyche ដែលសម្បូរដោយលោហធាតុទំហំ ១៤០ម៉ាយ ដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យរវាងភពអង្គារ និងភពព្រហស្បតិ៍។ យោងតាមមន្ទីរពិសោធន៍ ជេតប្រផូលសិន ឡាប្រេថូរី (Jet Propulsion Laboratory) របស់ណាសាបានឱ្យដឹងថា អាចម៍ផ្កាយមួយនេះមានលក្ខណៈប្លែកពីគេ ដោយសារវាមើលទៅដូចជា «ស្នូលដែក-នីកែលរបស់ភពផែនដីពេលកកើតដំបូង»។
អាចម៍ផ្កាយ Psyche (សាយឃី) ត្រូវបានផ្សំឡើងពីវត្ថុធាតុស្រដៀងនឹងវត្ថុដែលរកឃើញនៅក្នុងស្នូលរបស់ផែនដី ដោយទស្សនាវដ្តី ហ្វត (Forbes) បានរាយការណ៍ថា ស្នូលនេះត្រូវបានគេគិតថា មានជាតិដែក នីកែល និងមាស ដែលមានតម្លៃរហូតដល់ ១០,០០០ ក្វាទ្រីលានដុល្លារ។ ទស្សនាវដ្តីនេះក៏បានពន្យល់ពីមុនពីរបៀបដែលថា ប្រសិនបើមាននរណាម្នាក់អាចយកអាចម៍ផ្កាយនោះបាន នោះភាពមហាសាលរបស់ពួកគេអាចនឹងធ្វើឱ្យ «សេដ្ឋកិច្ចរបស់ផែនដីដែលមានតម្លៃប្រហែល ៧៤ ក្វាទ្រីលានដុល្លារត្រូវដួលរលំ» ផងដែរ។
ជម្រាបដែរថា បេសកកម្មរបស់ណាសា គ្រោងនឹងបាញ់បង្ហោះនៅដើមឆ្នាំនេះ ប៉ុន្តែទីភ្នាក់ងារអវកាសនេះបាននិយាយថា ខ្លួនខកខានដោយសារ «បញ្ហានៃការអភិវឌ្ឍន៍បេសកកម្ម» ដែលនាំឱ្យមានការពិនិត្យឡើងវិញផ្ទៃក្នុងថា តើបេសកកម្មនឹងអាចជម្នះបញ្ហាទាំងនេះ ដើម្បីបាញ់បង្ហោះវាដោយជោគជ័យ ឬយ៉ាងណានៅឆ្នាំ២០២៣។ ខណៈពេលដែលក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យនៅតែបញ្ចប់របាយការណ៍របស់ខ្លួន ទីភ្នាក់ងារណាសាបានបញ្ជាក់ថា បេសកកម្ម Psyche នៅតែដំណើរការទៅមុខជានិច្ច ហើយឥឡូវនេះ កំពុងកំណត់គោលដៅរយៈពេលនៃការបាញ់បង្ហោះថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៕










