ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឱ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។
ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិកជារៀងរាល់ឆ្នាំ ប៉ុន្តែមានឆ្នាំខ្លះ រាជរដ្ឋាភិបាលសម្រេចលុបចោលក៏មាន ដោយសារមានមូលហេតុ អ្វីមួយច្បាស់លាស់។
ឧទាហរណ៍. នៅឆ្នាំ២០១១ អាក់ខានដោយសារ ទឹកជំនន់ ឆ្នាំ២០១២ ដោយសារព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ សោយទិវង្គត កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
តាមឯកសារខ្លះ បានឱ្យដឹងថា ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ បានចែង ទុកក្នុង ឯកសារ ជាតិ និងអន្ដរជាតិ ឬ តាមសិលាចារឹក នៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីក ចម្រើនយ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ និង សម័យលង្វែក ព.ស.២០៧១ / គ.ស.១៥២៨។
ព្រះបាទជ័យវរ្ម័នទី៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹក បង្ក្រាបជាតិបរទេសចាម ដោយកងទ័ពប្រើទូក ធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃ ខ្មាំងសត្រូវ គ.ស.១១៧៧ ដល់ ១១៨១។ រឿងចម្បាំងទាំងនេះ ត្រូវបានបុព្វ បុរសខ្មែរ ឆ្លាក់ទុកលើជញ្ជាំង ប្រាសាទបាយ័ន និងប្រាសាទ បន្ទាយឆ្មារ ដែលមានរូប ព្រះឆាយាលក្ខណ៍ (រូបឆ្លាក់) ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំង ទ្រង់កាន់ធ្នូ ដំបង ដែលមានកងទ័ព យ៉ាងច្រើនមហិមា។
ដោយឡែកពិធីបណ្ដែតប្រទីប ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃទី១៤-១៥កើត និង ១រោច ខែកក្ដិក ភ្ជាប់នឹង ពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលថ្ងៃ គឺមានកំណើតដំណាលគ្នា នឹងពិធី អុំទូកដែល រីកចម្រើន នៅក្នុងសង្គមខ្មែរ តាំងពីយូរយារ ណាស់មកហើយ នោះដែរ។
រីឯបុណ្យប្រពៃណី សំពះព្រះខែ និងអកអំបុក ដែលប្រារព្ធនៅក្នុងសង្គមខ្មែរ មានប្រវត្តិជាប់ទាក់ទង យ៉ាងជិត ស្និទ្ធទៅនឹង ប្រវត្តិ របស់ព្រះពុទ្ធ។ តាមការសន្និដ្ឋាន ពិធីនេះប្រហែលជាប្រារព្ធ និងរីកចម្រើន ដំណាលគ្នានឹង បុណ្យអុំទូក និងបណ្ដែតប្រទីបដែរ៕










