បើនិយាយអំពីមុខម្ហូបជាច្រើនដែលប្រជាជនក្នុងតំបន់អាស៊ីចូលចិត្ត ពងទាក៏ជាមុខម្ហូបមួយប្រភេទដែលគេនិយមចូលចិត្ត ព្រមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមានន័យថាមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលទានពងទាកូនបានតាមចិត្តនោះទេ ។
ខាងក្រោមនេះគឺជាបម្រាមសម្រាប់មនុស្សមួយចំនួនគួរតែដឹងមុនពេលទទួលទានពងទាកូន ៖
– អ្នកមានជម្ងឺគ្រុនក្តៅ
ពេលញ៉ាំពងទា ប្រូតេអ៊ីនដែលមាននៅក្នុងពងទាកូននឹងរលាយ ហើយបង្កើតជាកំដៅខ្ពស់ជាងធម្មតារហូតដល់ទៅ 30% ។ ដូច្នេះអ្នកដែលមានជំងឺគ្រុនក្តៅ មិនគួរញ៉ាំពងទាកូននោះឡើយ ព្រោះវាអាចនឹងធ្វើឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ និងឈានទៅរកការប្រកាច់ ព្រមទាំងផ្ដល់នូវផលវិបាកចំពោះខួរក្បាលថែមទៀតផង ។
– ស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះអាចបរិភោគពងទាកូនបាន ប៉ុន្តែមិនគួរបរិភោគវាជាមួយនឹងជីពងទាកូន ឬជ្រក់ខ្ទឹមនោះទេ ។ ថ្វីត្បិតតែជីពងទាកូនល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែចំពោះស្រ្ដីមានផ្ទៃពោះវាអាចនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។ ជាមួយគ្នានេះជ្រក់ខ្ទឹម នៅពេលដែលបរិភោគវានឹងធ្វើឲ្យរាងកាយក្ដៅ ដែលអាចធ្វើឲ្យរលូតកូនក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះបានយ៉ាងងាយ ប្រសិនបើអ្នកម្តាយមានសាច់ដុំខ្សោយ ឬសរសៃចងរលុង។ បន្ថែមពីនេះស្រ្ដីមានផ្ទៃពោះក៏មិនគួរបរិភោគពងទាកូនក្នុងខែចុងក្រោយនៃការមានផ្ទៃពោះផងដែរ ព្រោះវានឹងធ្វើឱ្យមានការប្រមូលផ្តុំប្រូតេអ៊ីនច្រើន ការរំលាយអាហារយឺត និងផលិតកូលេស្តេរ៉ុលអាក្រក់ជាច្រើនក្នុងឈាម ដែលអាចបង្កឲ្យមានផលវិបាកក្នុងពេលសម្រាល ។
– កុមារអាយុក្រោម 5 ឆ្នាំ
កុមារអាយុក្រោម 5 ឆ្នាំ ត្រូវបានគេដឹងថាមានប្រព័ន្ធរំលាយអាហារដែលអភិវឌ្ឍមិនពេញលេញដូចមនុស្សធំនោះទេ ។ ដូច្នេះប្រសិនបើពួកគេទទួលទានពងទាកូនច្រើននោះវានឹងងាយបង្កឱ្យពួកគេជួបប្រទះនូវការឈឺពោះ ពិបាករំលាយអាហារ និងប៉ះពាល់ដល់សុខភាព។ យ៉ាងណាមិញប្រសិនបើអ្នកនៅតែចង់ឲ្យពួកគេទទួលទាន នោះគួរតែស្ថិតក្នុងកម្រិតត្រឹមតែ 1/2 នៃពងពងទាកូន និង 1-2 ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ។