ខេត្តសៀមរាប៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ក្រោយពីបានចាក់ថ្នាំប្រហែល១០មុខទៅលើអ្នកជំងឺម្នាក់ ក្នុងពេលតែមួយបណ្តាលឱ្យស្លាប់
ភ្លាមៗ ។
ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង០១រសៀលថ្ងៃទី០៩ សីហា ស្ថិតចំណុចភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកស្វាយលើ ឱ្យដឹងទៀតថា ស្ត្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ វ៉ន ស្រី អាយុ៥២ឆ្នាំ មុខរបរគ្រូពេទ្យបុរាណ មានទីលំនៅ ស្ថិតនៅ ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
ការឃាត់ខ្លួននេះ ត្រូវបានរងការចោទពីបទឃាតកម្មដោយចេតនា (ព្យាបាលគ្មានវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រ និងបើកទីតាំងព្យាបាលគ្មានអាជ្ញាប័ណ្ណ)។ ចំណែកជនរងគ្រោះឈ្មោះ សេង ត្រេត ភេទស្រី អាយុ៣១ឆ្នាំ ជាអ្នកជំងឺលើសឈាម មានទីលំនៅ ស្ថិតនៅឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀបរាប ។
យ៉ាងណាមិញផេកហ្វេសប៊ុក AngKor Chom OD ការិយាល័យស្រុកអង្គរជុំ បានបង្ហោះសារមួយថា៖ អ្នកជំងឺម្នាក់រស់នៅភូមិមួយ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប បានស្លា.ប់ដោយ សារពេទ្យគ្មានអាជ្ញាប័ណ្ណ ។ អ្នកជំងឺមានអាការៈស្លា.ប់១ចំហៀងខ្លួន ដោយសារជំងឺលើសឈាម និងបានចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ទោះបីជាគ្រូពេទ្យប្រាប់ថា អ្នកជំងឺមិនអាចធូរស្រាលបានទេ និងត្រូវត្រឡប់មកថែទាំនៅផ្ទះវិញ ប៉ុន្តែបងប្អូនសម្រេចស្វែងរកការព្យាបាលតាមមធ្យោបាយផ្សេងវិញ។ បងប្អូនអ្នកជំងឺបានសម្រេចចិត្តឱ្យអ្នកគ្រូពេទ្យម្នាក់រស់នៅ បេងមាលា ស្រុកស្វាយលើ ស្ថិតក្នុងតំបន់គ្របដណ្ដប់របស់ស្រុកប្រតិបត្តិសូទ្រនិគមព្យាបាលដោយធានាថា មើល១ជា (យក៣លានរៀល)។
ក្រោយការព្យាបាលមិនបានមួយថ្ងៃ អ្នកជំងឺបានទទួលមរណភាពហើយ។ តែអ្វីដែលយើងហួសចិត្តនោះ គឺពេទ្យប្រើថ្នាំជិត១០មុខចាក់ទៅលើអ្នកជំងឺក្នុងពេល១ថ្ងៃ។ នេះជាការលំបាកមួយក្នុងការគ្រប់គ្រងសេវាសុខាភិបាលខុសច្បាប់។
បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ស្រុកអង្គរជុំ រួចរាល់ហើយ៕