រដ្ឋធានីវ៉ាស៊ីនតោន៖ ប៉ូលិសបានអះអាងថា មានខ្មាន់កាំភ្លើងម្នាក់ អាយុ២២ឆ្នាំ បានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ ប្រហារយ៉ាងខ្លាំងមួយ កាលពីថ្ងៃចន្ទ នៅក្នុងក្បួនដង្ហែបុណ្យឯករាជ្យជាតិ ៤ កក្កដា នៅឧទ្យានហាយឡែនដ៍ (Highland Park) ជាយក្រុងឈីកាហ្គូ (Chicago) រដ្ឋអ៊ីលីណាយ (Illinois) សហរដ្ឋអាមេរិក។
សារព័ត៌មាន ABC បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៥ ខែកក្កដា ថា បើតាមបូលិស បានបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃចន្ទ ទី៤ ខែកក្កដា (វេលានៅក្នុងតំបន់) ដោយខ្មាន់កាំភ្លើង បានបាញ់សំដៅទៅលើក្បួនព្យុហយាត្រា ចេញពីដំបូលអគារពាណិជ្ជកម្មមួយកន្លែង ធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោ។ ការបាញ់ប្រហារនេះ បានបណ្ដាលឲ្យមនុស្ស៥នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈម្នាក់ទៀត បានស្លាប់ នៅក្នុងមន្ទីរពេទ្យ។ ដោយឡែកជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ ក៏ត្រូវបានចាប់ខ្លួនភ្លាមៗនោះដែរ។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងចំពោះការកើតឡើងនូវអំពើហិង្សា ដោយកាំភ្លើង នៅក្នុងអំឡុងក្បួន ព្យុហយាត្រា នៅថ្ងៃបុណ្យឯករាជ្យជាតិ ៤ កក្កដា បណ្ដាលឲ្យមានអ្នកស្លាប់ និង រងរបួសជាច្រើននាក់។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់កំពុងតែទាក់ទងទៅអាជ្ញាធរ នៅក្នុងតំបន់ ដើម្បីផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា «ថ្មីៗនេះខ្ញុំបានចុះហត្ថលេខាលើច្បាប់កំណែទម្រង់ ស្តីពីកាំភ្លើងដ៏សំខាន់មួយ ដោយទាំងសកម្មភាពអនុវត្តច្បាប់ និង ការជួយសង្រ្គោះអាយុជីវិតមនុស្ស។ ប៉ុន្តែយើងនៅមានការងារជាច្រើនទៀត ត្រូវធ្វើ ហើយខ្ញុំនឹងមិនបោះបង់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាល នៃអំពើហិង្សា ដោយកាំភ្លើងនោះទេ»៕