រដ្ឋធានីកៀវ៖ ដោយសារតែសង្គ្រាមឈ្លានពាន កំពុងតែវាយប្រយុទ្ធគ្នា កាន់តែមានសភាពខ្លាំងក្លាឡើង ហើយឈានចូលដល់ដំណាក់កាលថ្មី កំពុងតែបង្កនូវគ្រោះថ្នាក់ទ្វេដងនោះ អតីតប្រធានាធិបតីអ៊ុយក្រែន និង ជាមហាសេដ្ឋីមួយរូប បានចេញមុខមកអះអាងពីវិធី ត្រូវបញ្ចប់សង្គ្រាម នៅក្នុងប្រទេសរបស់គាត់ ហើយអំពាវនាវដល់ប្រទេសទាំងអស់ បញ្ឈប់ទិញប្រេងពីរុស្ស៊ី។
សារព័ត៌មានរបស់ចក្រភអង់គ្លេស Independent បានផ្សាយថា លោក ផេត្រូវ ប៉ូរ៉ូសែនកូ (Petro Poroshenko) ធ្លាប់ធ្វើជាប្រធានាធិបតីអ៊ុយក្រែន ចន្លោះពីឆ្នាំ២០១៤ ដល់២០១៩ បានអះអាងថា វិធីសាស្រ្ដ ត្រូវបញ្ចប់សង្គ្រាម នៅក្នុងប្រទេសរបស់គាត់ មានតែលុបបំបាត់ លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ចេញពីរុស្ស៊ី។
លោក ប៉ូរ៉ូសែនកូ បានបញ្ជាក់ថា រុស្ស៊ី ចង់លុបបំបាត់ប្រទេសអ៊ុយក្រែន ទាំងស្រុង ចេញពីផែនទីពិភពលោក។ ដូច្នេះគាត់សូមអំពាវនាវដល់ប្រទេសទាំងអស់ ត្រូវហ៊ុមព័ទ្ធនូវការនាំចេញ ប្រេង ពីប្រទេសរុស្ស៊ី។
អតីតប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា «យើងគួរតែបញ្ឈប់នូវការនាំចេញរបស់រុស្សី មិនត្រឹមតែ នៅក្នុងសហភាពអឺរ៉ុប ចក្រអង់គ្លេស និង សហរដ្ឋអាមេរិក ប៉ុណ្ណោះទេ សូម្បីតែប្រទេសផ្សេងៗទៀត ក៏គួរតែកុំទិញប្រេងទាំងនេះដែរ ព្រោះ វាជាប្រេងមានក្លិនឈាម។ ឈាមអ៊ុយក្រែន… នេះ ជាទម្រង់ដ៏មហន្តរាយ មិនអាចទទួលយកបាន គ្មានមនុស្សធម៌ និង ជាសង្គ្រាមបែបមជ្ឈិមវ័យ។
លោក ផេត្រូវ ប៉ូរ៉ូសែនកូ (Petro Poroshenko) អតីតប្រធានាធិបតីអ៊ុយក្រែន និង ជាមហាសេដ្ឋី ធ្លាប់បានលើកឡើង កាលពីខែមុន ថា លុយរាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីការលក់ប្រេង ក្នុងមួយខែៗ ត្រូវបានលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ចំណាយ លើការទិញគ្រឿងចម្បាំង យកមកសម្លាប់ពលរដ្ឋអ៊ុយក្រែន ។ នេះជាសកម្មភាពដ៏ឃោរឃៅ និង អមនុស្សធម៌បំផុត ប្រសិនបើអ្នកបន្ដទិញប្រេងពីរុស្ស៊ី។
ដោយឡែក សារព័ត៌មានឥណ្ឌា Republic World បានដកស្រង់ ប្រភពពីទស្សនាវដ្ដីយោធា SOFREP (សូហ្វ្រែប) យកមកចុះផ្សាយ កាលពីថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ ថា គិតត្រឹម ថ្ងៃចន្ទ ទី៩ ខែឧសភា សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល៧៥ថ្ងៃកន្លងមកហើយ ហើយការវាយប្រយុទ្ធគ្នា ក៏កំពុងតែបន្ដ និង កាន់តែមានសភាពខ្លាំងក្លាឡើង។
ជាមួយគ្នានេះ រុស្ស៊ី ក៏កំពុងតែចំណាយលុយ ប្រមាណជា ៩០០លានដុល្លារសហរដ្ឋអាមេរិក ក្នុង១ថ្ងៃៗ ទៅលើសង្គ្រាមដ៏ឃោរឃៅនេះ។ វិមានក្រឹមឡាំង បានចំណាយលុយឱ្យទាហានទាំងអស់ ដែលកំពុងតែប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ផ្តល់គ្រាប់រ៉ុក្កែតដល់ពួកគេ និង ជួសជុលសម្ភារយោធា ដែលបាត់បង់ ឬខូចខាត ដូចដែលបានឃើញតាមការចុះផ្សាយ កន្លងមក។ បើតាមតួលេខ និង រយៈពេលនេះ គឺការចំណាយរបស់ក្រុងមូស្គូ អាចនឹងកើតឡើងដល់ ៦៧,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ទំហំ នៃការខាតបង់លុយទាំងនេះ មិនបានគិតដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ក្រោមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម ពីប្រទេសប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ខណៈសង្គ្រាម កំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយនៅតែមិនទាន់មានពន្លឺចរចា ដើម្បីបញ្ចប់សង្គ្រាម នៅឡើយ។
សូមជម្រាបថា លោក ផេត្រូវ ប៉ូរ៉ូសែនកូ (Petro Poroshenko) ជាមហាសេដ្ឋីអ៊ុយក្រែន ធ្លាប់កាន់តំណែង ជារដ្ឋមន្រ្ដីក្រសួងការបរទេស ចន្លោះពីឆ្នាំ២០០៩ ដល់ ២០១០ និង ជារដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង អភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងឆ្នាំ២០១២ ហើយជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៥របស់អ៊ុយក្រែន ដោយកាន់តំណែង ចន្លោះពីឆ្នាំ២០១៤ ដល់២០១៩៕