ប្រទេសបែ៊លហ្ស៊ិក៖ ក្មេងស្រីជនជាតិបែ៊លហ្ស៊ិកកាត់ អង់គ្លេស អាយុ ១៩ ឆ្នាំម្នាក់ជាស្ត្រីក្មេងបំផុតក្នុងពិភពលោកដែលជិះយន្តហោះ ហោះហើរម្នាក់ឯងជុំវិញពិភពលោកដោយចំណាយពេលសរុប ១៥៥ ថ្ងៃក្នុងរយៈចម្ងាយ ៥២,០០០ គីឡូម៉ែត្រ ដែលបានបំបែកកំណត់ត្រាលើពិភពលោក។

នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ គេហទំព័រព័ត៌មាន BBC បានរាយការណ៍ថា Zara Rutherford  ដែលជានារីកូនកាត់ជនជាតិបែ៊លហ្សិក កាត់ អង់គ្លេស នាងត្រូវបាន Guinness World Records ប្រគល់វិញ្ញាបនបត្រ ក្នុងនាមជាស្ត្រីជិះយន្តហោះ ក្នុងការហោះហើរជុំវិញពិភពលោកតែម្នាក់ឯងដោយជោគជ័យ នៅអាយុត្រឹមតែ ១៩ ឆ្នាំ ដែលក្មេងជាងគេក្នុងពិភពលោក បន្ទាប់ពីម្ចាស់កំណត់ត្រាមុនគឺ អាកាសយានិកនារីអាមេរិកឈ្មោះ Chesta Vez   នាងបានហោះហើរជុំវិញពិភពលោកក្នុងឆ្នាំ ២០១៧ ពេលនាងមានអាយុ ៣០ ឆ្នាំ។ មុនពេលនាងបានបំបែបកំណត់ត្រា Zara Rutherford នាងបានចាប់ផ្តើមដំណើររបស់នាងនៅអាកាសយានដ្ឋានកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីធ្វើដំណើរក្នុងរយៈពេលសរុប ១៥៥ថ្ងៃ និងរយៈចម្ងាយ ៥២,០០០ គីឡូម៉ែត្រ ដោយនាងបានចុះចតយន្តហោះនៅក្នុងប្រទេសចំនួន ៤១ នៅលើទ្វីបចំនួន ៥ ដែលជាការធ្វើដំណើរដ៏រំភើប អស្ចារ្យ ពរពេញដោយភាពខ្លាហាន និងគួរឱ្យស្ងើចសរសើរខ្លាំងណាស់ ក្នុងនោះនាងក៏ធ្លាប់បានហោះកាត់ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា បានឆ្លងកាត់អាកាសធាតុត្រជាក់នៅក្នុងប្រទេសរុស្ស៊ី  ព្រមទាំងត្រូវបានហោះហើរក្បែរដែនអាកាសរបស់កូរ៉េខាងជើង ដែលពរពេញដោយការផ្លោងសាកល្បងមីស៊ីលជាច្រើនផងដែរ។

យ៉ាងណាមិញការធ្វើដំណើរលើអាកាសចុះចតពីប្រទេសមួយទៅប្រទេសមួយម្នាក់ឯងបែបនេះ ពិតណាស់វាគួរឱ្យខ្លាច និងគ្រោះថា្នក់ តែក៏ជាការទទួលយកនូវបទពិសោធថ្មីដែលមនុស្សគ្រប់រូបមិនអាចធ្វើបាន និងមានឳកាសជាមួយនិងការធ្វើដំណើរបែបនេះនោះទេ៕ ប្រភព៖ Thairath