ប្រទេសថៃ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបបាននិយាយនាថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រទេសថៃនឹងហាមឃាត់មិនឲ្យអ្នកដំណើរមកពីប្រទេសអាហ្វ្រិកចំនួន៨ប្រទេស ឲ្យចូលទឹកដីខ្លួនឡើយ ដែលប្រទេសទាំង៨នេះត្រូវបានកំណត់ថា ជាប្រទេសមានហានិភ័យខ្ពស់នៃកូវីដ១៩ បំប្លែងថ្មីឈ្មោះ «អូមីក្រុង (Omicron)» ខណៈពិភពលោកកំពុងព្រួយបារម្ភខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost ។
បញ្ជីប្រទេសដែលថៃសម្រេចហាមឃាត់នេះគឺដូចគ្នាទៅនឹងប្រទេសសហរដ្ឋអាមេរិក ដែលសម្រេចប្រកាសហាមឃាត់មិនឲ្យចូលទឹកដីខ្លួនកាលពីព្រឹកថ្ងៃសៅរ៍។
ប្រទេសដែលបានហាមឃាត់នោះរួមមានប្រទេស Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe ហើយសេចក្ដីសម្រេចនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាម លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ បាននិយាយនៅក្នុងការបង្ហោះ Facebook នៅព្រឹកថ្ងៃសៅរ៍ថា “ប្រសិនបើមានតម្រូវការបន្ទាន់ណាមួយសម្រាប់រដ្ឋាភិបាលដើម្បីកែសម្រួលវិធានការត្រួតពិនិត្យប្រឆាំងនឹងការប្រែប្រួលថ្មីនេះ ខ្ញុំនឹងបញ្ជាឱ្យភ្នាក់ងារធ្វើសកម្មភាពភ្លាមៗ” ។ យើងនឹងតាមដានយ៉ាងដិតដល់ថាតើវីរុសប្រភេទថ្មីនេះនឹងប៉ះពាល់ដល់ប្រទេសថៃយ៉ាងណា? ៕