រដ្ឋធានីប៉ារីស៖ ក្រោយពេលបង្កើតកិច្ចព្រមព្រៀង Aukus ភ្លាម អូស្រ្ដាលីបានសម្រេចចិត្ត លុបចោលកុងត្រាសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មានតម្លៃយ៉ាងតិច៥០ពាន់លានដុល្លារជាមួយបារាំង ជាឯកតោភាគី ធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉ារីស ខឹងសម្បាយ៉ាងខ្លាំង ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និង អូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ដែលជាសញ្ញាបង្ហាញ ពីវិបត្ដិការទូតកំពុងតែធ្លាក់ចុះ ហើយជាការប្រឆាំងនឹងទង្វើរបស់រដ្ឋាភិបាលកង់បេរ៉ា។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសពីកិច្ចព្រមព្រៀងសន្ដិសុខជាប្រវត្ដិសាស្រ្ដថ្មីមួយ ត្រូវគេស្គាល់ថា «Aukus» ។ បើតាមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងចែករំលែកបច្ចេកវិទ្យាលើវិស័យការពារជាតិរបស់ពួកគេ ជួយដល់អូស្រ្ដាលី ឲ្យមានសមត្ថភាពកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿង សម្រាប់កងទ័ពជើងទឹករបស់ប្រទេសនេះ។ ដោយសារតែ Aukus នេះ ទើបអូស្រ្ដាលីបានសម្រេចចិត្ត លុបចោលកុងត្រាសាសង់នាវាមុជទឹក ដែលមានតម្លៃ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសបារាំង ទើបធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉ារីសខឹងសម្បាយ៉ាងខ្លាំង។
លោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែង កាលពីថ្ងៃទី១៧ ខែកញ្ញា (វេលានៅទីក្រុងប៉ារីស) ថា «បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និងអូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ។ នេះជាការសម្រេចចិត្តដ៏កម្រកើតមានបំផុត ត្រូវបានធ្វើឡើង ដោយលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ដោយយោងទៅតាមស្ថានភាពធ្ងន់ធ្ងរ នៃបញ្ហានេះ»។
លោក Jean-Yves Le Drian បានគូសបញ្ជាក់ថា «ការបោះបង់ចោលគម្រោងទិញនាវាមុជទឹក (បារាំង)… និងការប្រកាសភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណង បើកការស្រាវជ្រាវថ្មី សម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរថ្មី (ការជួយអូស្ត្រាលី ឲ្យទទួលបានបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសំណាក់អាមេរិក និងអង់គ្លេស) នាពេលអនាគត ជាអាកប្បកិរិយា មិនអាចទទួលយកបានឡើយ ក្នុងនាមប្រទេសជាសម្ពន្ធមិត្តនឹងគ្នា។ ករណីនេះជាផលវិបាកដ៏ធ្ងន់ធ្ងរមួយ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងបំផុតទៅដល់សម្ពន្ធភាពរបស់យើង និងភាពជាដៃគូដ៏មានសារសំខាន់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់សហភាពអឺរ៉ុប»។
ក្រោយពេលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ដ្រាលីបានចុះកិច្ចព្រមព្រៀង Aukus នេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកញ្ញា ឆ្នាំ២០២១) ភ្លាម អូស្ត្រាលីបានប្រកាសលុបចោល គម្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានតម្លៃជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន ណាវ៉ាល់ គ្រុប (Naval Group) នៅក្នុងប្រទេសបារាំង។ ឥឡូវ អូស្រ្ដាលី បានយកគម្រោងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរដដែលនេះ មកផលិត ក្រោមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងចក្រភភពអង់គ្លេស តាមរយៈកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (A-UK-US)៕