រាជធានីភ្នំពេញ៖ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សេង ហៀង ជាតំណាងអយ្យការ បានសម្រេចធ្វើការប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទ១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ បទ.ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ឆបោកមានស្ថានទម្ងន់ទោស សម្លុតគំរាមកឲ្យដាក់ពាក្យបណ្តឹង និងបទ. ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធដីធ្លីរបស់រដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ដែលកាលជំនុំជម្រះនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
២.ឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡូ ភេទប្រុសអាយុ៣៦ឆ្នាំ ៣.ឈ្មោះ ប៉ូ ចយ ភេទប្រុសអាយុ៣៤ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗកំណត់២ឆ្នាំ តែអនុវត្ត១ឆ្នាំ៦ខែ និង៤.ឈ្មោះ ស៊ីន ប៉ូ ភេទប្រុសអាយុ៥៩ឆ្នាំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ក្រោមការចោទពីបទ. សមគំនិតក្នុងអំពើការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងបទ.សម្លុតគំរាមកុំឲ្យដាក់ពាក្យបណ្តឹង ប្រព្រឹត្តនៅខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ,២៥៩ ច្បាប់ភូមិបាល និងមាត្រា៥២៧ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក អឹម វណ្ណៈ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ សេង សុវណ្ណារ៉ា និងបក្សពួកចំនួន៣នាក់ទៀត ដាក់ពន្ធនាគារព្រៃសម១ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕