ប្រទេសថៃ៖ កាលពីថ្ងៃនេះទី០១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ​ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ចិន Sinovac ឱ្យពិភពលោកប្រើប្រាស់។ យ៉ាងណាមិញ បើទោះបីជា WHO បានពិនិត្យនិងអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac ក្ដី ប៉ុន្ដែប្រជាជនថៃ ហាក់មានការស្ទាក់ស្ទើរមិនទុកចិត្តពីសុវត្ថិភាពនៃវ៉ាក់ស៊ាំងដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលរបស់ខ្លួននេះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសថៃ មានវ៉ាក់សាំង២ប្រភេទ ដែលរដ្ឋាភិបាលថៃកំពុងតែរៀបចំចាក់ជូនប្រជាជនរបស់ខ្លួន រួមមានវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac។ ដោយក្នុងនោះវ៉ាក់សាំង Sinovac ដែលត្រូវបានចែកចាយចាក់ឱ្យប្រជាជនថៃ សរុបមានប្រមាណ ៦លានដូស។

ទោះបីជាយ៉ាងនេះក្តី  វ៉ាក់សាំង Sinovac ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាកប្រជាជនថៃ ដោយពួកគេគិតថា វ៉ាក់ស៊ាំង Sinovac គឺមិនដូចវ៉ាក់សាំងដទៃទៀតដែលពិភពលោកកំពុងប្រើប្រាស់នោះឡើយ ពោលគឺវាជាវ៉ាក់ស៊ាំងអសកម្មដែលត្រូវបានបង្កើតឡើងពីមីក្រូសរីរាង្គងាប់ ដែលមានន័យថា អាចនឹងប្រឈមហានិភ័យទាប ឬមានផលប៉ះពាល់តិចតួចដល់អ្នកចាក់ ប៉ុន្តែវ៉ាក់ស៊ាំងអាចនឹងមិនមានអត្រាការពារប្រឆាំងនឹងជំងឺកូវីដខ្ពស់ឡើយ។ ដោយការយល់ឃើញបែបនេះហើយ ទើបធ្វើឱ្យប្រជាជនថៃមួយចំនួនមិនចង់ទទួលការចាក់វ៉ាក់សាំងនេះឡើយ។

ទន្ទឹមនឹងនេះផងដែរ អាចនិយាយបានថាដោយសារតែប្រជាជនហាក់មិនចង់ចាក់វ៉ាក់សាំង Sinovac ហេតុនេះវាអាចជាទំនោរមួយដែលរុញច្រានឱ្យរដ្ឋាភិបាលថៃ សម្រេចធ្វើការបញ្ជាទិញវ៉ាក់សាំង AstraZeneca ជាង ៦២,៧លានដូស ខណៈការបញ្ជាទិញវ៉ាក់សាំង Sinovac តែជាង៦លានដូលតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ មានសេចក្តី​ប្រកាសព័ត៌មាន​​បាន​និយាយ​ថា វ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​របស់​ថៃ Siam Bioscience បាន​ផ្គត់​ផ្គង់​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​​ឲ្យ​ក្រសួង​សុខាភិបាល​ថៃបណ្តើរ​ៗ​ហើយ​។ ប៉ុន្តែ​ចំនួន​ដែល​ត្រូវ​បាន​ផ្គត់​ផ្គង់​ជា​បឋម​នោះ​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ឡើយ​ គ្រាន់​តែ​ដឹង​ថា ការ​ផ្គត់​ផ្គង់​បាន​​​កំពុង​ចាប់​ផ្តើម​នៅ​ក្នុង​សប្តាហ៍​នេះ ៕