រាជធានី​ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងនេះ មន្ត្រី​ជំនាញ នៃ​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត អ្នក​ពាក់ព័ន្ធ សូម​មេត្តា​កុំ​ខ្មាស​អៀន ដែល​ធ្លាប់​បាន​ទៅ​ទទួល​សេវា​ម៉ាស្សា​ដោយ​បុរស នៅ​ហាង «GANESH» ឬ​ធ្លាប់​ហៅ​បុគ្គលិក​ម៉ាស្សា​បុរស​ៗ ចេញ​ទៅ​ផ្ដល់​សេវា​នៅ​ខាងក្រៅ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ សូម​ទៅ​យក​សំណាក ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ និង​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​(​ច​ត្ដា​ឡី​ស័ក​) ។

ហាង​ម៉ាស្សា​ដោយ​បុរស មានឈ្មោះ GANESH មាន​ទីតាំង នៅផ្ទះ​លេខ ២២Z ផ្លូវ​លេខ​៤២០ ភូមិ​៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក ឬ​ប្រសិនបើ​មាន​អាការ​មិន​ស្រួលខ្លួន ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដែល​មា​នទី​តាំងនៅ​វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹង​ត្របែក មណ្ឌល​សុខភាព​ចាក់​អង្រែ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​នៅ​មន្ទីរពេទ្យ​បង្អែក​នៅ​តាម​បណ្តា​ខេត្ត​នានា ដោយ​ឥត​គិតថ្លៃ ។

ក្នុង​រយៈពេល កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​បុគ្គលិក​របស់​អាជីវកម្ម​ម៉ាស្សា Ganesh ចំនួន ០៧ នាក់ ក្នុង​ចំណោម ០៩​នាក់ បាន​យក​សំណោក​ជាប់​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ បាន​ចុះ​បិទ​ទីតាំង​របស់ លោក នួន វី ម្ចាស់​អជីវ​កម្ម​រួចរាល់​ហើយ ប៉ុន្តែ​លោក នៅ​តែ​បង្ក​លក្ខណៈ​ដល់​បុគ្គលិក​របស់​ខ្លួន ឲ្យ​បន្ត​អាជីវកម្ម​ម៉ាស្សា​ជូន​អតិថិជន តាម​រយៈ​ការ​ណាត់ជួប​នៅ​តាម​ទីតាំង​ខាងក្រៅ ផ្សេង​ទៀត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ ដែល​នេះ គឺជា​ទ​ង្វើ​ផ្ទុយ​ពី​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អាច​នាំ​ទៅ​ដល់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍ កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ៕