រាជធានីភ្នំពេញ៖ ពិធីការិនីរបស់ហង្សមាសម្នាក់ អ្នកនាង ប៉ែន ស្រីពេជ្រ ទើបនឹងរៀបការថ្មោងថ្មី បានចេញមុខប្រកាស តាមបណ្ដាញសង្គមហ្វេសប៊ុករបស់នាង នៅព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ស្វាមីរបស់នាងបានទទួលលទ្ធផលពីការធ្វើតេស្ដ រកឃើញវិជ្ជមាន នៃកូវីដ១៩។
ពិធីការិនី ប៉ែន ស្រីពេជ្រ បានសរសេរ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់នាងថា «សូមជម្រាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំ ប៉ែន ស្រីពេជ្រ ត្រូវជាភរិយារបស់លោក ឆេង ពន្លក នេត្រា។ នៅពេលនេះ នាងខ្ញុំ និងស្វាមី បានធ្វើតេស្ដ ស្វែងរកមេរោគកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ រីឯលទ្ធផល បានបង្ហាញថា ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន ហើយត្រូវបានមន្រ្ដីជំនាញបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរួចរាល់ហើយ កាលពីយប់មិញនេះ»។
ពិធីការិនី ប៉ែន ស្រីពេជ្រ បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ (ព្រឹក ថ្ងៃទី១២ ខែមីនា) នាងខ្ញុំនៅមិនទាន់ទទួលបានលទ្ធផលធ្វើតេស្ដនោះនៅឡើយ។ នាងខ្ញុំកំពុងតែរង់ចាំលទ្ធផលនេះ ហើយកំពុងតែបន្តធ្វើចត្តាឡីស័ក នៅក្នុងផ្ទះ រយៈពេល១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព។ ជាមួយគ្នានេះ នាងខ្ញុំ និងងស្វាមី សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលសួរសុខទុក្ខរបស់ពួកខ្ញុំ»។
ក្រោយពេលពិធីការិនី ប៉ែន ស្រីពេជ្រ ប្រកាសអំពីស្វាមីរបស់នាងឆ្លងកូវីដ១៩បែបនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការរំជួលចិត្ត និងកាន់តែមានការសង័្សយថា នាងអាចនឹងឆ្លងកូវីដ១៩ពីប្ដីរបស់នាង។
ទោះជាយ៉ាងណា រហូត មកទល់ពេលនេះ តារាចម្រៀងទាំងអស់ និងបុគ្គលិកមួយចំនួន នៅក្នុងក្រុមហ៊ុនហង្សមាស បាននាំគ្នាយកសំណាកទៅធ្វើតេស្តស្វែងរកកូវីដ១៩អស់ហើយ។ ជាមួយគ្នានេះ អ្នកគាំទ្រ និងមហាជននៅតែបន្ដជូនពរឲ្យហង្សមាស និង តារាហង្សមាស សុខសប្បាយរួចចាកផុតពីមេរោគសាហាវនេះ។ សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅក្នុងក្រុមហ៊ុនហង្សមាស មានតារា និងពិធីករល្បីៗជាច្រើនរូបបានឆ្លងកូវីដ១៩។ តារាល្បីៗឆ្លងកូវីដទាំងនោះ រួមមាន អ្នកនាង ចាន់ កែវនិមល, លោក ណុ ប បាយ៉ារិទ្ឋ, អ្នកនាង សុគន្ឋ និសា, កញ្ញា វី ឌីណែត និង បងថ្លៃ ឱក សុគន្ធ កញ្ញា ជាដើម ។ ដោយឡែកអ្នកតេស្តរកឃើញអវិជ្ជមានពីកូវីដ១៩នោះ រួមមាន លោក ឆន សុវណ្ណរាជ, អ្នកនាង សុខ ស្រីនាង , សួស វិហ្សា និង ឈិន ម៉ានិច្ច ៕