រាជធានីភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញ សុគន្ធ និសា បានប្រកាសថា នាងមានវិជ្ជមាន នៃកូវីដ១៩ ហើយត្រូវបានមន្រ្ដីជំនាញ មកនាំនាងទៅសម្រាកព្យាបាល។
ការប្រកាសរបស់ សុគន្ធ និសា បានកើតឡើង ក្រោយតារាចម្រៀងប្រុសស្រី ពិធីការិនី និងបុគ្គលិកប្រុសស្រី នៅក្នុងស្ថានីយទូរទស្សន៍ និងផលិតកម្មហង្សមាសមួយចំនួន បានប្រកាសកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ និងព្រឹកមិញនេះថា មានផ្ទុកកូវីដ១៩។
សុគន និសា បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង ថា «នាងខ្ញុំ សុគន្ធ និសា (sokunnisa ) បានធ្វើតេស្ដកូវីដ១៩ ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា ខ្ញុំបាន មានវិជ្ជមាន គឺមានមេរោគនេះហើយ។ អ៊ីចឹងសូមបងប្អូនទាំងអស់គ្នា មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ។ សូមជូនពរឲ្យបងប្អូនទាំងអស់ ឆ្លងផុតពីជំងឺនេះ។
សុគន្ធ និសា បានបន្ដថា សូមទោសបងប្អូន ដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យផងណាបងប្អូន។ ក្នុងចំណោមអ្នកផ្ទះខ្ញុំ ចំនួន៧នាក់ដែលបានធ្វើតេស្ត ដោយក្រុមគ្រូពេទ្យជំនាញ គឺមាន កើតតែខ្ញុំម្នាក់តែប៉ុណ្ណោះ ហើយអ្នកផ្ទះខ្ញុំអត់មានកើតទេ។ ប៉ុន្ដែពួកគាត់ត្រូវធ្វើចត្ដាឡីស័ក រយៈពេល១៤ថ្ងៃ ហើយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ព័ន្ធឡើយ ។
សូមជម្រាបថា គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១១២៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន ៥៤៩នាក់ និងអ្នកជំងឺចំនួន៥៧៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ៕