បរទេស៖ សហរដ្ឋអាមេរិក មិនត្រឹមតែជាប្រទេសមហាអំណាចកំពូលខាងយោធា និងសេដ្ឋកិច្ច នៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែរហូតមកដល់ពេលនេះ អាមេរិកបានអភិវឌ្ឍវ៉ាក់សាំងជាច្រើនប្រភេទ មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាងគេថែមទៀតផង ហើយនៅពេលខាងមុខនេះ អាមេរិកនឹងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដរបស់ក្រុមហ៊ុន Novavax បន្ថែមពីលើវ៉ាក់សាំងជាច្រើនក្រុមហ៊ុនរបស់អាមេរិក ដែលបានអនុម័តឲ្យប្រើប្រាស់បន្ទាន់ជាបន្ដបន្ទាប់ នាពេលកន្លងមក។
បើតាមសារព័ត៌មាន CNA របស់ប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក អាចនឹងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដរបស់ក្រុមហ៊ុន Novavax នៅប្រទេសមហាអំណាចមួយនេះ នាពេលខាងមុខ។ ករណីនេះ ប្រសិនបើនិយ័តករអាមេរិកអនុម័តលើទិន្នន័យ លើការធ្វើតេស្ដ នៅចក្រភពអង់គ្លេស ដែលនឹងត្រូវបញ្ចប់ នៅប៉ុន្មានសប្ដាហ៍ខាងមុខ។
ដោយឡែកលោក Stanley Erck នាយកប្រតិបត្តិក្រុមហ៊ុន Novavax បានឱ្យដឹងថា កិច្ចចរចាជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កំពុងដំណើរនៅឡើយ។ រីឯទីភ្នាក់ងារ FDAមួយនេះអាចនឹងតម្រូវឱ្យក្រុមហ៊ុន Novavax បង្ហាញនូវទិន្នន័យ ធ្វើតេស្ដរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក។ ករណីនេះអាចនឹងត្រូវការពេលវេលាបន្ថែម២ខែទៀត ដើម្បីបញ្ចប់ការធ្វើតេស្ដ ឬថា អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅពាក់កណ្ដាលរដូវក្ដៅខាងមុខ។
បើតាមមន្រ្ដីជំនាញរបស់អាមេរិក បានឲ្យដឹងថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព ៩៦ភាគរយ នៅក្នុងការធ្វើតេស្ដ នៅចក្រភពអង់គ្លេស សម្រាប់ប្រឆាំងនឹងវីរុសកូវីដ-១៩ ទម្រង់ធម្មតា និង ៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនថ្មី។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax ជាប្រភេទវ៉ាក់សាំង ដែលតម្រូវឱ្យចាក់ពីរដូស ដូចគ្នានឹងវ៉ាក់សាំងអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា វ៉ាក់សាំង Novavax មានភាពងាយស្រួល ក្នុងស្ដុកទុក និងដឹកជញ្ជូន ជាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ។ ប៉ុន្ដែប្រសិនបើវ៉ាក់សាំងនេះ ត្រូវបានអនុម័ត នឹងក្លាយជាវ៉ាក់សាំងទី៤ ដែល FDA ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់ចំនួន៤ រួមមាន វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech, ក្រុមហ៊ុន Moderna, ក្រុមហ៊ុន Johnson & Johnson និង Novavax ៕