បរទេស៖ បុរសជនជាតិឥណ្ឌាម្នាក់ រៀបចំដាក់មាន់បញ្ជល់របស់ខ្លួន នៅក្នុងសង្វៀនបញ្ជល់ ស្រាប់តែមាន់របស់គាត់ហក់ ចាក់មួយខ្នាយ ត្រូវចំក្រលៀន បណ្ដាលឲ្យស្លាប់មួយរំពេច។
បើតាមសារព័ត៌មាន India Today បានផ្សាយ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ថា ហេតុការណ៍មិនគួរឲ្យជើងនេះបានកើតឡើង នៅភូមិដាច់ស្រយាលមួយ ស្ថិតក្នុងរដ្ឋ Telangana នាភាគខាងត្បូង នៃប្រទេសឥណ្ឌា។ នៅតំបន់នោះ តែងតែមានការបញ្ជល់មាន់ ហើយសកម្មភាពបែបនេះ ត្រូវបានគេចាត់ទុកថា ជាសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់។
ប្រភពព័ត៌មានដដែល បានបន្ដថា មុនពេលកើតមានឧបទ្ទវហេតុបែបនេះ ជនរងគ្រោះបានកាន់មាន់របស់គាត់ រៀបចំសម្រាប់ការបញ្ជល់មាន់។ ប៉ុន្ដែនៅពេលលែងដមាន់ឲ្យជល់គ្នា ស្រាប់តែមានបានហក់វាយមួយខ្នាយ បណ្ដាលឲ្យត្រូវចំក្រលៀន មុតជាប់នឹងខ្នោយប្រវែងប្រមាណ ៧,៥ សង់ទីម៉ែត្រ ធ្វើឲ្យម្ចាស់រងរបួសធ្ងន់។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយសារផ្លូវមានចម្ងាយឆ្ងាយ ហើយគួបផ្សំនឹងមានភាពយឺតយ៉ាវផងនោះ ទើបធ្វើឲ្យជនរងគ្រោះស្លាប់ មុនពេលទៅដល់មន្ទីរពេទ្យ។
បើតាមអាជ្ញាធរឥ ណ្ឌាបានបញ្ជាក់ថា មានមនុស្សចំនួន១៥នាក់ផ្សេងហើយ បានស្លាប់ដោយសារពាក់ព័ន្ធនឹងករណីបញ្ជល់មាន់ខុសច្បាប់នេះ។ នៅពេលនេះ ប៉ូលិសកំពុងតែតាមចាប់ខ្លួនក្រុមអ្នកបញ្ជល់ នាំទៅកាត់ទោសតាមផ្លូវច្បាប់៕