បរទេស៖ រហូតមកដល់ពេលនេះ ឥណ្ឌាកំពុងក្លាយជាប្រទេសរងគ្រោះដោយសារកូវីដ-១៩ខ្លាំងជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក ហើយស្របពេលប្រទេសនេះកំពុងតែរងគ្រោះខ្លាំងផងនោះ សម្រាប់តែមានគ្រោះចង្រៃ ឆាបឆេះអគាររោងចក្រវ៉ាក់សាំងបង្ការកូវីដ-១៩ដ៏ធំបំផុតរបស់ពិភពលោក នៅភាគខាងលិច ប្រទេសនេះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
បើតាមសារព័ត៌មាន The Hill បានផ្សាយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថា យ៉ាងហោចណាស់ ក៏មានមនុស្ស៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ឆេះអគារកំពុងសាសង់របស់រោងចក្រផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក ស្ថិតក្នុងទីក្រុង Pune នាភាគខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃទី២១ ខែមករា។ នៅក្នុងហេតុការណ៍នោះ គេឃើញមានផ្សែងខ្មៅ ចេញពីអគារកំពុងសាសង់ នៅក្នុងវិទ្យាស្ថានផលិតឱសថដ៏ធំរបស់ឥណ្ឌា ស្ថិតក្នុងទីក្រុង Pune ។ លុះក្រោយមក ក្រុមពន្លត់អគ្គិភ័យឥណ្ឌា ក៏បានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ប៉ុន្ដែមន្រ្ដីក្នុងតំបន់ បានប្រកាសថា មានមនុស្ស៥នាក់ស្លាប់ នៅក្នុងហេតុការណ៍នោះ។
លោក Adar Poonawalla នាយកប្រតិបត្ដិ នៃវិទ្យាស្ថាន Serum ឥណ្ឌា បានឲ្យដឹងថា យើងទើបតែទទួលបានព័ត៌មានថ្មីៗគួរឱ្យរន្ធត់នេះ។ នេះជារឿងដ៏អកុសលបំផុត ដែលបាននាំឲ្យមានការបាត់បង់អាយុជីវិតមនុស្ស នៅក្នុងឧប្បត្តិហេតុនេះ។ យើងមានការសោកស្តាយយ៉ាងខ្លាំង ហើយសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយនឹងសមាជិកគ្រួសាររបស់ពួកគេ។
សូមជម្រាបថា វិទ្យាស្ថាន Serum ឥណ្ឌានេះ (Serum Institute of India) បានចុះកិច្ចសន្យាផលិតវ៉ាក់សាំង ប្រហែល៥០លានដូស ក្នុងមួយខែ ដែលបានអភិវឌ្ឍឡើង ដោយសាកលវិទ្យាល័យ Oxford និង Astrazeneca របស់អង់គ្លេស។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press កាលពីខែមុន លោក Poonawalla បានថ្លែងថា លោកមានបំណងបង្កើនការផលិតវ៉ាក់សាំង ចន្លោះពី ១,៥ ពាន់លានទៅ ២,៥ ពាន់លានដូស នៅចុងឆ្នាំ២០២១។
ទោះជាយ៉ាងណា លោក Poonawalla បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការផលិតវ៉ាក់សាំង ដែលអ្នកស្រុកស្គាល់ថា Covishield នោះឡើយ។ ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់ AstraZeneca របស់អង់គ្លេស និងវ៉ាក់សាំងអភិវឌ្ឍ នៅក្នុងស្រុក។
បើតាមគេហទំព័រ Worldometer បានផ្សាយ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ថា ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១០ ៦២៦ ២០០នាក់ ស្លាប់ ១៥៣នាក់ និងជាសះស្បើយ ១០ ២៨២ ៨៨៩នាក់៕