រាជធានីភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ចុះបើកយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ២០២១ ដោយជួបសំណេះសំណាល និងឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ទឹកក្រូចអាយស៍ IZE និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជូនមន្ត្រីនគរបាលចរាចរណ៍ ប្រចាំតំបន់ស្តុបក្បាលថ្នល់ កាលពីព្រឹកម៉ិញនេះ។
លោកឧកញ៉ា លាង ពៅ មានប្រសាសន៍ថា៖ «ខ្ញុំសូមស្ងើចសរសើរដល់មន្ត្រីនគរបាលយើងដែលខិតខំបំពេញកិច្ចការដើម្បីសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា។ ការលះបង់ដ៏ធំធេងនេះមិនគួរត្រូវបានមើលរំលងឡើយ។ ដូច្នេះហើយទើបក្រុមការងារទឹកចិត្តកម្ពុជានឹងនៅតែបន្តសកម្មភាពចែកអំណោយដល់នគរបាលនៅទូទាំងប្រទេសកម្ពុជាយើង ក្នុងគោលបំណងតែមួយគត់ គឺដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ពួកគាត់ជាពិសេស»។
វរសេនីយ៍ទោ ពៅ សុភាព នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក៏បានថ្លែងអំណរគុណចំពោះយុទ្ធនាការទឹកចិត្តកម្ពុជា និងក្រុមការងារដែលបានចុះមកចែកអំណោយជូននគរបាលដោយផ្ទាល់។
លោកថ្លែងថា «នេះសបញ្ជាក់អំពីស្មារតីចេះជួយយកអាសារគ្នាទៅវិញទៅមករបស់ជនជាតិខ្មែរយើង»។
គួរបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងបន្តពីឆ្នាំចាស់ ២០២០ ដែលទឹកចិត្តកម្ពុជាបានផ្តល់ជូនមន្រ្តីនគរបាលចម្រុះនៅទូទាំងប្រទេសនូវទឹកបរិសុទ្ធកម្ពុជាសរុបជាង២ម៉ឺនកេស ហើយនឹងបន្តផ្តល់ជូនដល់មន្ត្រីនគរបាលនៅទូទាំងប្រទេសសម្រាប់ឆ្នាំ ២០២១ នេះផងដែរ។ ជាក់ស្តែងអំណោយផ្តល់ជូនកាលពីព្រឹកម៉ិញនេះមានដូចជា ទឹកបរិសុទ្ធកម្ពុជាចំនួន ១០០ កេស និង ទឹកក្រូចអាយស៍ IZE រសជាតិក្រូចឆ្មារ អាយស៍ IZE ផ្លែឈើចម្រុះ ៣០កេស និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ចំនួនសរុប ១០កេសបន្ថែមទៀតផងដែរ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ស្រាបៀរ គូដូ KUDO និង ទឹកបរិសុទ្ធកម្ពុជាផងដែរ៕