ភ្នំពេញៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូន ជេអ៊ីន បានប្រកាសផ្តល់ជំនួយស្ពានមិត្តភាពកម្ពុជា កូរ៉េជូនកម្ពុជា បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យភាគីកូរ៉េជួយ ដែលវាជានិមិត្តរូបនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ា ស៊ីមសូរិយា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ វិច្ឆិកានេះថា ប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន កូរ៉េលើកទី២ ដែលប្រារពធ្វើតាមអនឡាញនៅប្រទេសវៀតណាមថា ភាគីកូរ៉េនឹងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េជូនកម្ពុជា។
លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនអាចបញ្ជាក់ថា ស្ពាននេះបានសិក្សាចប់ឬនៅនោះទេ ព្រោះកន្លងមកភាគីកូរ៉េមិនឲ្យយើងនិយាយទេ ប៉ុន្តែស្រាប់តែប្រធានាធិបតីកូរ៉េនិយាយបែបនេះក្នុងកិច្ចប្រជុំខាងលើ” ។ លោកបន្តថា “កន្លងមករាជរដ្ឋាភិបាលកម្ពុជា
បានស្នើភាគីកូរ៉េជួយសិក្សា និងសាងសង់ស្ពានចេញពីកំពង់ ដ នៅតំបន់ជ្រោយចង្វារទៅកាន់តំបន់ស្វាយជ្រុំ ប៉ុន្តែភាគីកូរ៉េសិក្សាចប់ឬនៅ មិនទាន់ច្បាស់លាស់នៅឡើយទេ” ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងដំនើរទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៩បានស្នើសុំលោកម៉ូន ជេអ៊ីន ជួយផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េជួយដល់កម្ពុជា ដើម្បីជានិម្មិតរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈមិត្តចិន និងជប៉ុនបានជួយសាងសង់ស្ពានមិត្តភាពដល់កម្ពុជារួចហើយ។
ប្រជាពលរដ្ឋរស់នៅតំបន់ស្វាយជ្រុំ និងទឹកដីអរិយក្សត្រតែងតែ ទន្ទឹងរង់ចាំវត្តមានស្ពានថ្មីតភ្ជាប់ទៅតំបន់ពួកគេជារឿយៗ ហេតុនេះយើងសង្ឃឹមថា ភាគីកូរ៉េនឹងជួយសាងសង់ស្ពានសំរាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលឆាប់ៗខាងមុខនេះ៕