រាជធានីបាងកក៖ អ្នកតវ៉ា២នាក់ បានធ្វើបាតុកម្មកាត់ក្បួនរថយន្ដរបស់ មហាក្សត្រិយានីថៃ ត្រូវបានប៉ូលិសថៃ ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ហើយពួកគេ អាចប្រឈមនឹងការជាប់ពន្ធនាគារ អស់មួយជីវិត ក្រោមការចោទប្រកាន់ ពីបទ «បង្កគ្រោះមហន្ដរាយដល់ព្រះមហាក្សត្រិយានី»។
បើតាមសារព័ត៌មាន Freemalaysiatoday បានផ្សាយ នៅថ្ងៃទី១៦ ខែតុលា ថា ប៉ូលិសថៃបានចាប់ខ្លួនសកម្មជនពីរនាក់ កាលពីថ្ងៃសុក្រ (ទី១៦ ខែតុលា) ក្រោមច្បាប់ ហាមប្រើអំពើហិង្សា ប្រឆាំងនឹងមហាក្សត្រិយានី។ ការចាប់ខ្លួនពួកគេទាំង២នាក់នេះ បានកើតឡើង បន្ទាប់ពីអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ចេញមុខប្រឆាំងនឹងក្រឹត្យ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ហាមការប្រមូលផ្ដុះគ្នា តាមដងផ្លូវ នៅក្នុងទីក្រុងបាងកក ចេញដោយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ។
បណ្ដាញផ្សព្វផ្សាយដដែល បានបន្ដថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវចាប់ខ្លួន រួមមាន លោក Ekachai Hongkangwan និងលោក Bunkueanun Paothong ។ ពួកគេទាំង២នាក់ ស្ថិតក្នុងចំណោមសកម្មជន ដែលនាំគ្នាឡោមព័ទ្ធក្បួនព្រះទីនាំងរបស់ព្រះមហាក្សត្រិយានី Suthida កាលពីថ្ងៃទី១៤ ខែតុលា នៅក្នុងអំឡុងពេលធ្វើបាតុកម្មដ៏ធំ នៅជិតវិមានរដ្ឋាភិបាល នាកណ្ដាលទីក្រុងបាងកក។
លោក Bunkueanun ជាសកម្មជនម្នាក់ បានសរសេរ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីព្រឹក ថ្ងៃទី១៦ ខែតុលា ថា ប៉ូលិសបានឡោមព័ទ្ធគាត់។ គាត់ត្រូវបានប៉ូលិសចោទប្រកាន់ ពីបទ «បង្កឲ្យមានមហន្ដរាយដល់ព្រះមហាក្សត្រិយានី»។ ប៉ុន្ដែគាត់អត់មានទោសកំហុសអ្វីទេ។
ជាមួយគ្នានេះដែរ លោក Ekachai ជាសកម្មជនម្នាក់ដែរនោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP តាមទូរស័ព្ទ ថា គាត់ក៏ត្រូវបានប៉ូលិសចោទប្រកាន់ ដូចករណីខាងលើនេះដែរ។ ក្រោយមក ប៉ូលិសបាននាំគាត់ទៅដាក់ នៅក្នុងមន្ទីរឃុំឃាំង។
សកម្មជនទាំង២នាក់នេះ អាចនឹងត្រូវប្រឈមមុខនឹងការជាប់គុក អស់មួយជីវិត ក្រោមច្បាប់ដែលលែងប្រើអស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកហើយ។ បើតាមច្បាប់នោះ បានកំណត់ទោសទៅលើសកម្មភាពហិង្សាណាមួយ ប្រឆាំងនឹងព្រះមហាក្សត្រិយានី ឬសេរីភាព នៃការយាងរបស់ព្រះអង្គ។ នេះជាលើកទីមួយហើយ ចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយមនុស្សជាច្រើនទៀត អាចនឹងត្រូវរងការចោទប្រកាន់បែបនេះ។
បើតាមមាត្រា១១០ នៃក្រមព្រហ្មទណ្ឌនោះ សកម្មជនទាំង២នាក់នេះ អាចប្រឈមមុខនឹងការជាប់គុក ចន្លោះពី១៦-២០ឆ្នាំ ឬជាប់គុកអស់មួយជីវិត ចំពោះការរារាំងដល់សេរីភាពរបស់ព្រះមហាក្សត្រិយានីថៃ។ រីឯប៉ូលិសកំពុងតែប្រមូលភ័ស្ដុតាង រួមទាំង វីដេអូ និងរូបភាព ដើម្បីកាត់ទោសដល់ក្រុមណាមួយ ដែលប្រមូលផ្ដុំគ្នា នៅតាមផ្លូវក្បូនព្រះមហាក្សត្រ ឬព្រះមហាក្សត្រិយានីយាង៕