ភ្នំពេញ៖ ករណីជនពុំស្គាល់មុខ បានយកដុំថ្ម មួយដុំគប់មកលើរថយន្តដឹកដំឡូងមី ១គ្រឿង បណ្ដាលឲ្យស្លាប់អ្នកបើកបររថយន្តម្នាក់ កាលពីថ្ងៃទី២៩កញ្ញា ២០២០ កន្លងទៅ រហូតមកដល់ថ្ងៃទី០១ តុលានេះ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ចំនួន២នាក់ ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់ ។
ជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ។
បន្ទាប់ពីកើតហេតុ លោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត បានចាត់ឲ្យកម្លាំងព្រហ្មទណ្ឌខេត្ត ចុះស្រាវជ្រាវលើករណីនេះ នៅទីបំផុត សមត្ថកិច្ចចាប់បានជនដៃដល់ខាងលើនេះ ដែលក្រុមនេះ ធ្លាប់បានប្រព្រឹត្តបទល្មើស គប់កញ្ចក់រថយន្តតាមដងផ្លូវជាច្រើនលើកទៀតផង ។
ជនល្មើសទាំង២មានឈ្មោះ ឈឿន ភារម្យ ភេទប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ នៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ។ និងឈ្មោះ រី ធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន ទាំង២នាក់ ហើយសមត្ថកិច្ចបាននាំខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈឿន ភារម្យ បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះ រី ធា ពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ដែលធ្វើដំណើលើផ្លូវជាតិលេខ៧១ ប្រាដកមែន ហើយធ្លាប់គប់ ចំនួន០៦លើក ដោយលើកទី៦នេះ គឺនៅវេលាម៉ោង១៨និង៣៥នាទី ថ្ងៃទី២៩ កញ្ញា ២០២០ នៅលើផ្លូវជាតិលេខ៧១ ចំណុចភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ បានគុបដុំថ្ម លើរថយន្តដឹកដំឡូងមី បណ្តាលអោយធ្លុះកញ្ចក់រថយន្តមកត្រូវចំដើមទ្រូង អ្នកបើកបរ រងរបួសធ្ងន់ធ្ងរ រថយន្តវេអង រេចង្កូតធ្លាក់ផ្លូវចូលព្រៃកៅស៊ូ ហើយបុកបង្គោលភ្លើង បណ្ដាលអោយអ្នកបើកបររថយន្ដស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកចំការលើ ។
ដោយមានចម្លើយសារភាពពីជនសង្ស័យ និងដោយមានការឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ៕