ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីលោក សុខ រក្សាជាស្វាមី អ្នកនាង កុល ដាវី បានបង្ហោះសារសោកស្តាយមួយអំពីការបាត់បង់កូនក្នុងផ្ទៃភរិយាមុនពេលសម្រាល។ មានសារចូលរួមសោកស្តាយអំពីការបាត់បង់ដំណក់ឈាមលើកដំបូងរួមគ្នានេះ។

អស់រយៈពេលជាង៤ខែហើយដែលតារាគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាគឺលោក សុខ រក្សា និងអ្នកនាងកុល ដាវីបានរីករាយក្នុងចិត្តខ្លាំងក្រោយពីពួកគេសម្រេចក្តីសុបិន្តរួមគ្នានៃការបង្កើតបានដំណក់ឈាមលើកដំបូង។ ដំណឹងរីករាយនេះបានក្លាយមកជាសោកសៅក្រោយពីគេបានដឹងថាកូនក្នុងផ្ទៃរបស់ អ្នកនាង កុល ដាវី ត្រូវបានបាត់បង់ដោយសារបញ្ហាបេះដូងលែងដើរ។ នេះបើតាមការបញ្ជាក់របស់លោក សុខ រក្សា។ តារាចម្រៀងរូបនេះបានបញ្ចេញសារលើកទឹកចិត្តភរិយា និងខ្លួនឯងដោយឲ្យភរិយាតាំងអារម្មណ៍ តាំងស្មារតី។ លោកថា “តាំងអារម្មណ៍ តាំងស្មារតីអោយរឹងមាំណាប្រពន្ធសំលាញ់ចិត្ត របស់បង​ អូនមានប្តី នៅជិតអូនហើយ ធ្វើម៉េចនិស្ស័យកូន ហើយនិងពួកយើ បានត្រឹមតែប៉ុណ្ណឹង​ សំខាន់បំផុតគឺសុខភាពរបស់អូន»។ជាមួយគ្នានោះផងដែរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង កុល ដាវី ក៏បានបង្ហោះសារយ៉ាងខ្លីដែរថា «ពុ​ទ្ធោអើយ បេះដូងកូនខ្ញុំឈ​ប់ដើរហើយ»។ សារលើកទឹកចិត្តពីមិត្តរួមអាជីព និងអ្នកគាំទ្រជាច្រើនត្រូវបានផ្ញើក្នុងការជំរុញថាមពលផ្លូវចិត្ត និងចូលរួមសោកស្តាយចំពោះការបាត់បង់នេះ។

គួរបញ្ជាក់ដែរថា មុននិងក្រោយចាប់ដៃគ្នាចូលរោងការ លោក សុខ រក្សា និងភរិយា បានដុតដៃដុតជើងខ្លាំងក្នុងការប្រកបរបរជាច្រើនដើម្បីបង្កើតក្រុមគ្រួសារមួយពេញលេញ ហើយពួកគេបានរងចាំជាយូរឆ្នាំដើម្បីសម្រេចក្តីបំណងមានដំណក់ឈាមរួមគ្នានេះ។ ទោះជាមានការបាត់បង់ប៉ុន្តែអ្នកគាំទ្រជាច្រើនរំពឹងថាពួកគេនឹងអាចបន្តក្តីស្រមៃមួយនេះរួមគ្នាបន្តទៀត៕